Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​អនុវត្ត​នីតិ​វិធី​ពិនិត្យ​តាម​ដាន​ការ​ប្រើ​ប្រាស់​ទឹក និង​វឌ្ឍន​ភាព​ការ​ងារ និង​ផែន​ការ​អនុវត្ត​សម្រាប់​ដំណាក់​កាល​ទី​២ សម្រាប់​វិមជ្ឈការ​ការ​ងារ​ធារ​ទឹក និង​កំណក​កករ (ថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៥)

(MRC-IKMP)

ហូជីមិញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​អនុវត្ត​នីតិ​វិធី​​ពិនិត្យ​​តាម​ដាន​ការ​​ប្រើ​ប្រាស់​ទឹក (PWUM) និង​វឌ្ឍន​ភាព​ការ​ងារ និង​ផែន​ការ​អនុវត្តន៍ សម្រាប់​ដំណាក់​កាល​ទី​២ សម្រាប់​វិមជ្ឈ​ការ​ការ​ងារ​​ធារ​ទឹក និង​កំណក​កករ (DSMP) នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀត​ណាម ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ នៃ​ប្រទេស​ជា​សមា​ជិក និង​លេខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ២៤រូប។ សមាស​​ភាព​ចូល​រួម​ពី​កម្ពុជា​រួម​មាន តំណាង​ពី​​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រុម​ការ​ងារ​ម៉ូដែល​ថ្នាក់​ជាតិ និង​គណៈ​កម្មាធិការ​ជាតិ​​ទន្លេ​មេគង្គ​កម្ពុជា សរុប​ចំនួន ០៥រូប។

កិច្ចប្រជុំ​ស្តី​ពី ការ​អនុវត្ត​នីតិ​វិធី​​ពិនិត្យ​តាម​ដាន​ការ​ប្រើ​ប្រាស់​ទឹក (PWUM) មាន​គោល​បំណង (១) ពិនិត្យ និង​ផ្តល់​យោបល់​លើ​វឌ្ឍន​ភាព​ការ​ងារ នៃ​ការ​អនុវត្ត​ការ​ងារ​គម្រោង​សិក្សា​សាក​ល្បង PWUM និង (២) ផ្តល់​ការ​ណែនាំ​បច្ចេក​ទេស​សម្រាប់​ក្រប​ខ័ណ្ឌ​នៃ​ការ​អនុវត្ត PWUM។ ជា​លទ្ធ​ផល អង្គ​ប្រជុំ​បាន​ឯក​ភាព​ជា​គោល​ការណ៍​ឱ្យ​ប្រទេស​បញ្ចប់​របាយ​ការណ៍​​គម្រោង​​សិក្សា​សាក​ល្បង សម្រាប់​អនុវត្ត​​នីតិ​វិធី ដោយ​ប្រើ​ប្រាស់​ម៉ូដែល​ក្រប​ខ័ណ្ឌ​នៃ​​ការ​ធ្វើ​សេច​ក្តី​​សម្រេច​ចិត្ត (DSF) ជា​គោល និង​ប្រើ eWater Source ជា​ឧបករណ៍​បន្ថែម​ក្នុង​គោល​ដៅ​​ដើម្បី​កសាង​សមត្ថភាព​ក្រុម​ការ​ងារ ម៉ូដែល​ថ្នាក់​ជាតិ។

កិច្ចប្រជុំស្តីពី វឌ្ឍន​ភាព​ការ​ងារ និង​ផែន​ការ​អនុវត្ត​សម្រាប់​ដំណាក់​កាល​ទី​២ សម្រាប់​វិមជ្ឈ​ការ​​ការ​ងារ​​ធារ​ទឹក និងកំណក​កករ (DSMP) មាន​គោល​បំណង (១) បង្ហាញ​អំ​ពី​​ការ​អនុវត្ត​​ការ​ងារ​​វិមជ្ឈការ​មុខ​ងារ​ស្នូល​ក្នុង​ដំណាក់​កាល​ទី​២ ទាក់​ទង​នឹង DSMP និង (២) ធ្វើ​បច្ចុប្បន្ន​ភាព​​ការ​​ងារ​​ក្នុង​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ២០១៦-​២០២០។ ជា​លទ្ធ​ផល អង្គ​ប្រជុំ​បាន​ឯក​ភាព​ជា​​គោល​ការណ៍​លើ​ផែន​ការ​ការ​ងារ​សម្រាប់​វិមជ្ឈ​ការ​មុខ​ងារ​ស្នូល​នៃ​ធារ​ទឹក និង​កំណក​កករ ចាប់​ពី​​ឆ្នាំ២០១៦ ដល់ ២០២០។ ចំពោះ​ផែន​ការ​អនុវត្ត​ជាក់​ស្តែង​នឹង​រៀប​ចំ​លំអិត​នៅ​ក្នុង​​អនុស្សារណៈ​​យោគយល់គ្នា នា​ពេល​ខាង​មុខ៕

Hits: 1548