កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការអនុវត្តនីតិវិធីពិនិត្យតាមដានការប្រើប្រាស់ទឹក និងវឌ្ឍនភាពការងារ និងផែនការអនុវត្តសម្រាប់ដំណាក់កាលទី២ សម្រាប់វិមជ្ឈការការងារធារទឹក និងកំណកកករ (ថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៥)
(MRC-IKMP)
ហូជីមិញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការអនុវត្តនីតិវិធីពិនិត្យតាមដានការប្រើប្រាស់ទឹក (PWUM) និងវឌ្ឍនភាពការងារ និងផែនការអនុវត្តន៍ សម្រាប់ដំណាក់កាលទី២ សម្រាប់វិមជ្ឈការការងារធារទឹក និងកំណកកករ (DSMP) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីតំណាងក្រសួងជំនាញពាក់ព័ន្ធ គណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៤រូប។ សមាសភាពចូលរួមពីកម្ពុជារួមមាន តំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារម៉ូដែលថ្នាក់ជាតិ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ០៥រូប។
កិច្ចប្រជុំស្តីពី ការអនុវត្តនីតិវិធីពិនិត្យតាមដានការប្រើប្រាស់ទឹក (PWUM) មានគោលបំណង (១) ពិនិត្យ និងផ្តល់យោបល់លើវឌ្ឍនភាពការងារ នៃការអនុវត្តការងារគម្រោងសិក្សាសាកល្បង PWUM និង (២) ផ្តល់ការណែនាំបច្ចេកទេសសម្រាប់ក្របខ័ណ្ឌនៃការអនុវត្ត PWUM។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជាគោលការណ៍ឱ្យប្រទេសបញ្ចប់របាយការណ៍គម្រោងសិក្សាសាកល្បង សម្រាប់អនុវត្តនីតិវិធី ដោយប្រើប្រាស់ម៉ូដែលក្របខ័ណ្ឌនៃការធ្វើសេចក្តីសម្រេចចិត្ត (DSF) ជាគោល និងប្រើ eWater Source ជាឧបករណ៍បន្ថែមក្នុងគោលដៅដើម្បីកសាងសមត្ថភាពក្រុមការងារ ម៉ូដែលថ្នាក់ជាតិ។
កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងផែនការអនុវត្តសម្រាប់ដំណាក់កាលទី២ សម្រាប់វិមជ្ឈការការងារធារទឹក និងកំណកកករ (DSMP) មានគោលបំណង (១) បង្ហាញអំពីការអនុវត្តការងារវិមជ្ឈការមុខងារស្នូលក្នុងដំណាក់កាលទី២ ទាក់ទងនឹង DSMP និង (២) ធ្វើបច្ចុប្បន្នភាពការងារក្នុងផែនការចង្អុលថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៦-២០២០។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជាគោលការណ៍លើផែនការការងារសម្រាប់វិមជ្ឈការមុខងារស្នូលនៃធារទឹក និងកំណកកករ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២០។ ចំពោះផែនការអនុវត្តជាក់ស្តែងនឹងរៀបចំលំអិតនៅក្នុងអនុស្សារណៈយោគយល់គ្នា នាពេលខាងមុខ៕