Developed by Khmer Focus

សិក្ខា​សា​លា​ចាប់​ផ្តើម​គម្រោង​ស្តី​ពី Freshwater Health Index នៃ​អង្គ​ការ​អភិរក្ស​អន្តរ​ជាតិ (ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៦)

(CNMC-MIWRM)

ហុងកុង៖ សិក្ខា​សា​លា​ពី​ការ​ចាប់​ផ្តើម​គម្រោង របស់​អង្គ​ការ​អភិរក្ស​ពិភព​លោក (Conservation International) ស្តី​ពី​សូច​នាករ​សុខ​ភាព​ទឹក​សាប (Freshwater Health Index) បាន​ប្រព្រឹត្ត​ទៅ​នា​ទី​ក្រុង​ហុង​កុង ប្រទេស​ចិន ក្រោម​អធិបតី​ភាព​ លោក Peter Seligmann ប្រធាន និង​ជា​នាយក​ប្រតិបត្តិ CI។ សមាស​ភាព​ចូល​រួម​មាន​មន្រ្តី​រដ្ឋាភិបាល​ប្រទេស​ចិន មន្រ្តី​អង្គ​ការ​អន្តរ​ជាតិ CI អ្នក​វិទ្យា​សាស្ត្រ មន្រ្តី IUCN តំណាង​ក្រុម​ហ៊ុន​ឯក​ជន តំណាង​ដៃ​គូ​អភិវឌ្ឍន៍ ស្ថាប័ន​ស្ថាបនិកមូល​នីធិ​អន្តរ​ជាតិ​ហុង​កុង និង​អន្តរ​ជាតិ និង​សកល​វិទ្យាល័យ​ហុង​កុង សរុបចំនួន ៤០រូប។

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​សិក្ខា​សា​លា ​ដែល​មាន​ប្រទេស​តែ​មួយ​គឺ កម្ពុជា នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម។ គម្រោង​ដែល​មាន​រយៈ​ពេល​វែង​មួយ ចែក​ជា​ពីរ​តំណាក់​កាល៖ តំណាក់​កាល​ទី១ (២០១៦-​២០១៧) គឺ​ការ​អនុវត្ត​ករណី​សិក្សា ដែល​បាន​ជ្រើស​រើស​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ក្នុង​ប្រទេស​កម្ពុជា និង​ទន្លេ​ហុង​កុង (Dongjiang) និង​តំណាក់​កាល​ទី២ មាន​រយៈពេល​វែង​ដែល​នឹង​យក​ករណី​សិក្សា​មក​អនុវត្ត​ជាក់​ស្តែង ជា​ឧត្តម​នុវ​ត្តភាព សម្រាប់​អាង​ទន្លេ​ទូទាំង​ពិភព​លោក។ សិក្ខា​សា​លា​បាន​ផ្លាស់​ប្តូរ​ទស្សន​អំពី​សារ​សំខាន់​នៃ​ធន​ធាន​ទឹក​សាប ភាព​ប្រឈម​នឹង​សុខ​ភាព​របស់​ទឹក​ក្នុង​ពិភព​លោក ការ​បង្ហាញ​អំពី​សូចនាករ​ចំនួន​៨៨ ដែល​មាន​មូល​ដ្ឋាន​លើ​ក្រប​ខ័ណ្ឌ​ជំនួយ​ស្មារតិ​ផ្នែក​សង្គម-​អេកូឡូស៊ី ដែល​ជា​ទំនាក់​ទំនង​នៃ​អេកូសីស្តែម សេវា​កម្ម​របស់​អេកូស៊ីស្តែម និង​អ្នក​ពាក់​ព័ន្ធ​ដែល​មាន​រដ្ឋាភិបាល និង​អង្គ​ការ​ស្ថាប័ន​នានា​រួម​ទាំង​សង្គម​ស៊ីវិល សហគមន៍ និង​ប្រជា​ពលរដ្ឋ និង​បាន​ពិភាក្សា​កិច្ច​ការ​ពាក់​ព័ន្ធ​ស្តី​ពី​ការ​អភិវឌ្ឍ និង​គ្រប់​គ្រង​ប្រកប​ដោយ​និរន្តរ​ភាព​ក្នុង​តំបន់​ទន្លេ​មេគង្គ ក្នុង​នោះ​ការ​ងារ​សំខាន់ៗ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ការ​ពាក់​ព័ន្ធ និង​តួនាទី​របស់​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ត្រូវ​ចូល​រួម​អនុវត្ត​ការងារ​គម្រោង​នេះ។ ករណី​សិក្សា​ដំណើរ​ការ​ដោយ​មាន​ការ​បណ្តុះ​បណ្តាល​សមត្ថភាព ការ​យល់​ដឹង​របស់​មន្រ្តី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​ត្រូវ​ចូល​រួម លើ​ដំណើរ​ការ​ការ​រៀប​ចំ វិធី​សាស្រ្ត​បច្ចេក​ទេស ម៉ូដែល និង​សេណារីយ៉ូ និង​ការ​បក​ស្រាយ​លទ្ធផល៕

Hits: 1326