សិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី Freshwater Health Index នៃអង្គការអភិរក្សអន្តរជាតិ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦)
(CNMC-MIWRM)
ហុងកុង៖ សិក្ខាសាលាពីការចាប់ផ្តើមគម្រោង របស់អង្គការអភិរក្សពិភពលោក (Conservation International) ស្តីពីសូចនាករសុខភាពទឹកសាប (Freshwater Health Index) បានប្រព្រឹត្តទៅនាទីក្រុងហុងកុង ប្រទេសចិន ក្រោមអធិបតីភាព លោក Peter Seligmann ប្រធាន និងជានាយកប្រតិបត្តិ CI។ សមាសភាពចូលរួមមានមន្រ្តីរដ្ឋាភិបាលប្រទេសចិន មន្រ្តីអង្គការអន្តរជាតិ CI អ្នកវិទ្យាសាស្ត្រ មន្រ្តី IUCN តំណាងក្រុមហ៊ុនឯកជន តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នស្ថាបនិកមូលនីធិអន្តរជាតិហុងកុង និងអន្តរជាតិ និងសកលវិទ្យាល័យហុងកុង សរុបចំនួន ៤០រូប។
ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលា ដែលមានប្រទេសតែមួយគឺ កម្ពុជា នៃប្រទេសក្នុងតំបន់ទន្លេមេគង្គភាគខាងក្រោម។ គម្រោងដែលមានរយៈពេលវែងមួយ ចែកជាពីរតំណាក់កាល៖ តំណាក់កាលទី១ (២០១៦-២០១៧) គឺការអនុវត្តករណីសិក្សា ដែលបានជ្រើសរើសទន្លេមេគង្គភាគខាងក្រោមក្នុងប្រទេសកម្ពុជា និងទន្លេហុងកុង (Dongjiang) និងតំណាក់កាលទី២ មានរយៈពេលវែងដែលនឹងយកករណីសិក្សាមកអនុវត្តជាក់ស្តែង ជាឧត្តមនុវត្តភាព សម្រាប់អាងទន្លេទូទាំងពិភពលោក។ សិក្ខាសាលាបានផ្លាស់ប្តូរទស្សនអំពីសារសំខាន់នៃធនធានទឹកសាប ភាពប្រឈមនឹងសុខភាពរបស់ទឹកក្នុងពិភពលោក ការបង្ហាញអំពីសូចនាករចំនួន៨៨ ដែលមានមូលដ្ឋានលើក្របខ័ណ្ឌជំនួយស្មារតិផ្នែកសង្គម-អេកូឡូស៊ី ដែលជាទំនាក់ទំនងនៃអេកូសីស្តែម សេវាកម្មរបស់អេកូស៊ីស្តែម និងអ្នកពាក់ព័ន្ធដែលមានរដ្ឋាភិបាល និងអង្គការស្ថាប័ននានារួមទាំងសង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋ និងបានពិភាក្សាកិច្ចការពាក់ព័ន្ធស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងប្រកបដោយនិរន្តរភាពក្នុងតំបន់ទន្លេមេគង្គ ក្នុងនោះការងារសំខាន់ៗរបស់គណៈកម្មការទន្លេមេគង្គដែលមានការពាក់ព័ន្ធ និងតួនាទីរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលត្រូវចូលរួមអនុវត្តការងារគម្រោងនេះ។ ករណីសិក្សាដំណើរការដោយមានការបណ្តុះបណ្តាលសមត្ថភាព ការយល់ដឹងរបស់មន្រ្តីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធដែលត្រូវចូលរួម លើដំណើរការការរៀបចំ វិធីសាស្រ្តបច្ចេកទេស ម៉ូដែល និងសេណារីយ៉ូ និងការបកស្រាយលទ្ធផល៕