Developed by Khmer Focus

កិច្ច​ប្រជុំ​រួម​ស្តី​ពី ការ​ពិនិត្យ​លើ​ការ​អនុវត្ត​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​រវាង កម្ពុជា-​វៀតណាម នៃ​អនុ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ និង​តំបន់​ទន្លេ​សេសាន-​ស្រែពក (ថ្ងៃទី ២២-២៣ ខែមីនា ឆ្នាំ២០១៦)

(MRC-MIWRM)

វៀតណាម៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​រួម​ស្តី​ពី ការ​ពិនិត្យ​លើ​ការ​អនុវត្ត​គម្រោង គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​រវាង កម្ពុជា-​វៀត​ណាម នៃ​អនុ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ និង​តំបន់​ទន្លេ​សេសាន-​ស្រែពក នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​មាន​មន្រ្តី​ក្រុម​ការ​ងារ​សម្រប​សម្រួល​អនុវត្ត​គម្រោង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម ជំនាញ​ការ​ជាតិ មន្រ្តី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ជំនាញ​ការ​ធនាគារ​ពិភពលោក សរុប​មាន​ចំនួន ១៥រូប បាន​អញ្ជើញ​ចូល​រួម។

អង្គប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ៖

  • បាន​ពិនិត្យ​ឡើង​វិញ​ពី​ការ​វិវត្តិ​រីក​ចម្រើន នៃ​ការ​អនុវត្ត​គម្រោង​ទាំង០២ របស់​កម្ពុជា និង​វៀតណាម​សម្រាប់​​ផល​សម្រេច​គម្រោង​ទី១៖ ឯកសារ​ថ្នាក់​ជាតិ និង​ឯកសារ​រួម​ស្តី​ពី បញ្ហា​សំខាន់​នៃ​ការ​គ្រប់​គ្រង និង​អភិវឌ្ឍ​ធន​ធាន​ទឹក​ក្នុង​តំបន់​ទន្លេ​សេសាន-​ស្រែពក និង​ដី​សណ្ត​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ទាំង​ពីរ ដោយ​បាន​ពិភាក្សា​លើ​ដំណើរ​ការ និង​ការ​កំណត់​ពេល​វេលា​បញ្ចប់​ឯកសារ​ថ្នាក់​ជាតិ ដើម្បី​បញ្ជូន​ទៅ​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​អំពី​ការ​ត្រៀម​រៀប​ចំ​ទស្សនៈ​កិច្ច​សិក្សា​ក្នុង​តំបន់​អនុ​អាង​ទាំង​ពីរ បន្ទាប់​ពី​ឯកសារ​បាន​រៀប​ចំ​រួច​ហើយ
  • បានពិភាក្សា និង​កំណត់​បញ្ហា​ឆ្លង​ដែន​រួម​សំខាន់ៗ (រួម​ទាំង​ភាព​ប្រឈម​សំខាន់ៗ តម្រូវ​ការ​នៃ​ការ​ចែក​រំលែក​ព័ត៌មាន និង​ទិន្ន័យ និង​ការ​សម្រប​សម្រួល) និង​ការ​ចាត់​ជា​អាទិភាព​បញ្ហា​ទាំង​នោះ និង​វិធី​បរិយាយ​រួម​គ្នា​លើ​បញ្ហា និង​ការ​វិភាគ-​វាយតម្លៃ​រួម និង​មាតិកា​នៃ​ឯកសារ​របាយ​ការណ៍ និង​ការ​កំណត់​ពេល​វេលា​បញ្ចប់​ឯកសារ​រួម ដើម្បី​បញ្ជូន​ទៅ​គណៈ​កម្មការ​ទន្លេ​មេគង្គ
  • បានពិភាក្សា​អំពី​ដំណើរ​ការ និង​ពេល​វេលា​ក្នុង​ការ​បញ្ចប់​ផល​សម្រេច​ទី២ និង​ទី៣ របស់​គម្រោង (ទី២ ស្តីពី យន្តការ​សម្រប​សម្រួល​កិច្ច​ការ​ឆ្លង​ដែន សម្រាប់​ដោះ​ស្រាយ​ការ​ងារ​សម្រប​សម្រួល និង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន និង​ទី៣ ស្តីពី ផែន​ការ​សកម្មភាព​រួម សម្រាប់​អនុវត្ត​សកម្មភាព​សម្រប​សម្រួល ​សកម្មភាព​គ្រប់​គ្រង​បញ្ហា​ឆ្លង​ដែន​រួម)
  • បានស្តាប់​បទ​បង្ហាញ​អំពី ឧបករណ៍​ម៉ូដែល​ក្រប​ខ័ណ្ឌ​ទឹក (the eWater SOURCE modelling platform) អាច​ប្រើ​សម្រាប់​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា និង​អាច​យក​មក​ប្រើ​ប្រាស់​សម្រាប់​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង​ដែន នៃ​ប្រទេស​ទាំង​ពីរ ដូច​ជា​ការ​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ស្ថាន​ភាព​ប្រើ​ប្រាស់​ទឹក ពិនិត្យ​តាម​ដាន​វាយ​តម្លៃ​ទាំង​គុណ​ភាព និង​បរិមាណ​ទឹក​ក្នុង​ទន្លេ និង​បម្រែ​បម្រួល​ទឹក​ដែល​បណ្តាល​មក​បម្រែ​បម្រួល​អាកាស​ធាតុ​ជា​ដើម
  • បានស្តាប់ និង​ពិភាក្សា​អំពី​តួនាទី និង​ការ​ជម្រុញ និង​លើក​កម្ពស់​កិច្ច​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ដូច​ជា​ការ​ចង​ក្រង និង​ដាក់​បង្ហោះ​ព័ត៍មាន​ក្នុង​គេហទំព័រ និង​បណ្តាញ facebook របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។

លទ្ធផល​សំខាន់​នៃ​អង្គ​ប្រជុំ រួមមាន៖

  • បានឯកភាពថា ឯកសារ​ថ្នាក់​ជាតិ និង​ឯកសារ​រួម​ស្តី​ពី បញ្ហា​សំខាន់​នៃ​ការ​គ្រប់​គ្រង និង​អភិវឌ្ឍ​ធន​ធាន​ទឹក​ក្នុង​តំបន់​ទន្លេ​សេសាន-​ស្រែពក និង​ដី​សណ្ត​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ទាំង​ពីរ ក្នុង​ខែ​កញ្ញា ឆ្នាំ២០០៦ ក្នុង​នោះ​ឯកសារ​ជាតិ​បញ្ចប់​ក្នុង​ចុង​ខែមីនា ឆ្នាំ២០១៦ និង​ឯកសារ​រួម​បញ្ចប់​ក្នុង​ចុង​ខែកញ្ញា ឆ្នាំ២០១៦
  • បានឯកភាព​ផល​សម្រេច​គម្រោង​ទី២ ស្តីពី យន្ត​ការ​សម្រប​សម្រួល​កិច្ច​ការ​ឆ្លង​ដែន សម្រាប់​ដោះ​ស្រាយ​ការ​ងារ​សម្រប​សម្រួល និង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន ដោយ​ដំណើរ​ការ ពិភាក្សា​ពី​ខែមីនា ឆ្នាំ២០១៦ និង​បញ្ចប់​ក្នុង​ខែធ្នូ ឆ្នាំ២០១៦
  • បានឯកភាព​​ពិចារណា​លើ​ផល​សម្រេច​ទី៣ ស្តី​ពី ផែន​ការ​សកម្មភាព​រួម សម្រាប់​អនុវត្ត​សកម្មភាព​សម្រប​សម្រួល សកម្មភាព​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​រួម ដែល​ត្រូវ​បញ្ចប់​ក្នុង​ខែ​មិថុនា ឬ​ខែកញ្ញា ឆ្នាំ២០១៦
  • បានឯកភាព​អំពី​សារ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ម៉ូដែល​ក្រប​ខ័ណ្ឌ​ទឹក (the eWater SOURCE modelling platform) និង​បាន​ស្នើ​សុំ​មាន​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ជំនាញ​សម្រាប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ប្រទេស និង​យន្ត​ការ​សម្រប​សម្រួល​កិច្ច​ការ​គ្រប់​គ្រង និង​សម្រប​សម្រួល​ការ​គ្រប់​គ្រង​ទឹក​ឆ្លង​ដែន​នៃ​ប្រទេស​ទាំង​ពីរ
  • បានឯកភាព​ជម្រុញ និង​លើក​កម្ពស់​សកម្មភាព​ប្រាស្រ័យ​ទាក់​ទង​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ដំណើរ​ការ​អនុវត្ត​គម្រោង​ឆ្លង​ដែន នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ស្នើ​សុំ​លេខា​ធិការ​ដ្ឋាន​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ជំនាញ​ក្នុង​ផ្នែក​នេះ​បាន​ឆាប់​រហ័ស៕

 

Hits: 1358