កិច្ចប្រជុំរួមស្តីពី ការពិនិត្យលើការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកឆ្លងដែនរវាង កម្ពុជា-វៀតណាម នៃអនុតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ទន្លេសេសាន-ស្រែពក (ថ្ងៃទី ២២-២៣ ខែមីនា ឆ្នាំ២០១៦)
(MRC-MIWRM)
វៀតណាម៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំរួមស្តីពី ការពិនិត្យលើការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកឆ្លងដែនរវាង កម្ពុជា-វៀតណាម នៃអនុតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ទន្លេសេសាន-ស្រែពក នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានមន្រ្តីក្រុមការងារសម្របសម្រួលអនុវត្តគម្រោង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម ជំនាញការជាតិ មន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជំនាញការធនាគារពិភពលោក សរុបមានចំនួន ១៥រូប បានអញ្ជើញចូលរួម។
អង្គប្រជុំបានប្រព្រឹត្តទៅដោយ៖
- បានពិនិត្យឡើងវិញពីការវិវត្តិរីកចម្រើន នៃការអនុវត្តគម្រោងទាំង០២ របស់កម្ពុជា និងវៀតណាមសម្រាប់ផលសម្រេចគម្រោងទី១៖ ឯកសារថ្នាក់ជាតិ និងឯកសាររួមស្តីពី បញ្ហាសំខាន់នៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកក្នុងតំបន់ទន្លេសេសាន-ស្រែពក និងដីសណ្តទន្លេមេគង្គ ក្នុងប្រទេសទាំងពីរ ដោយបានពិភាក្សាលើដំណើរការ និងការកំណត់ពេលវេលាបញ្ចប់ឯកសារថ្នាក់ជាតិ ដើម្បីបញ្ជូនទៅគណៈកម្មការទន្លេមេគង្គ និងអំពីការត្រៀមរៀបចំទស្សនៈកិច្ចសិក្សាក្នុងតំបន់អនុអាងទាំងពីរ បន្ទាប់ពីឯកសារបានរៀបចំរួចហើយ
- បានពិភាក្សា និងកំណត់បញ្ហាឆ្លងដែនរួមសំខាន់ៗ (រួមទាំងភាពប្រឈមសំខាន់ៗ តម្រូវការនៃការចែករំលែកព័ត៌មាន និងទិន្ន័យ និងការសម្របសម្រួល) និងការចាត់ជាអាទិភាពបញ្ហាទាំងនោះ និងវិធីបរិយាយរួមគ្នាលើបញ្ហា និងការវិភាគ-វាយតម្លៃរួម និងមាតិកានៃឯកសាររបាយការណ៍ និងការកំណត់ពេលវេលាបញ្ចប់ឯកសាររួម ដើម្បីបញ្ជូនទៅគណៈកម្មការទន្លេមេគង្គ
- បានពិភាក្សាអំពីដំណើរការ និងពេលវេលាក្នុងការបញ្ចប់ផលសម្រេចទី២ និងទី៣ របស់គម្រោង (ទី២ ស្តីពី យន្តការសម្របសម្រួលកិច្ចការឆ្លងដែន សម្រាប់ដោះស្រាយការងារសម្របសម្រួល និងការគ្រប់គ្រងធនធានទឹកឆ្លងដែន និងទី៣ ស្តីពី ផែនការសកម្មភាពរួម សម្រាប់អនុវត្តសកម្មភាពសម្របសម្រួល សកម្មភាពគ្រប់គ្រងបញ្ហាឆ្លងដែនរួម)
- បានស្តាប់បទបង្ហាញអំពី ឧបករណ៍ម៉ូដែលក្របខ័ណ្ឌទឹក (the eWater SOURCE modelling platform) អាចប្រើសម្រាប់ការសិក្សារបស់ក្រុមប្រឹក្សា និងអាចយកមកប្រើប្រាស់សម្រាប់គ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន នៃប្រទេសទាំងពីរ ដូចជាការពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពប្រើប្រាស់ទឹក ពិនិត្យតាមដានវាយតម្លៃទាំងគុណភាព និងបរិមាណទឹកក្នុងទន្លេ និងបម្រែបម្រួលទឹកដែលបណ្តាលមកបម្រែបម្រួលអាកាសធាតុជាដើម
- បានស្តាប់ និងពិភាក្សាអំពីតួនាទី និងការជម្រុញ និងលើកកម្ពស់កិច្ចការប្រាស្រ័យទាក់ទងរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដូចជាការចងក្រង និងដាក់បង្ហោះព័ត៍មានក្នុងគេហទំព័រ និងបណ្តាញ facebook របស់គណៈកម្មការទន្លេមេគង្គ។
លទ្ធផលសំខាន់នៃអង្គប្រជុំ រួមមាន៖
- បានឯកភាពថា ឯកសារថ្នាក់ជាតិ និងឯកសាររួមស្តីពី បញ្ហាសំខាន់នៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកក្នុងតំបន់ទន្លេសេសាន-ស្រែពក និងដីសណ្តទន្លេមេគង្គ ក្នុងប្រទេសទាំងពីរ ក្នុងខែកញ្ញា ឆ្នាំ២០០៦ ក្នុងនោះឯកសារជាតិបញ្ចប់ក្នុងចុងខែមីនា ឆ្នាំ២០១៦ និងឯកសាររួមបញ្ចប់ក្នុងចុងខែកញ្ញា ឆ្នាំ២០១៦
- បានឯកភាពផលសម្រេចគម្រោងទី២ ស្តីពី យន្តការសម្របសម្រួលកិច្ចការឆ្លងដែន សម្រាប់ដោះស្រាយការងារសម្របសម្រួល និងការគ្រប់គ្រងធនធានទឹកឆ្លងដែន ដោយដំណើរការ ពិភាក្សាពីខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០១៦
- បានឯកភាពពិចារណាលើផលសម្រេចទី៣ ស្តីពី ផែនការសកម្មភាពរួម សម្រាប់អនុវត្តសកម្មភាពសម្របសម្រួល សកម្មភាពគ្រប់គ្រងធនធានទឹកឆ្លងដែនរួម ដែលត្រូវបញ្ចប់ក្នុងខែមិថុនា ឬខែកញ្ញា ឆ្នាំ២០១៦
- បានឯកភាពអំពីសារសំខាន់នៃការប្រើប្រាស់ឧបករណ៍ម៉ូដែលក្របខ័ណ្ឌទឹក (the eWater SOURCE modelling platform) និងបានស្នើសុំមានការបណ្តុះបណ្តាលសមត្ថភាពជំនាញសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេស និងយន្តការសម្របសម្រួលកិច្ចការគ្រប់គ្រង និងសម្របសម្រួលការគ្រប់គ្រងទឹកឆ្លងដែននៃប្រទេសទាំងពីរ
- បានឯកភាពជម្រុញ និងលើកកម្ពស់សកម្មភាពប្រាស្រ័យទាក់ទងរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សម្រាប់ដំណើរការអនុវត្តគម្រោងឆ្លងដែន នៃប្រទេសទាំងពីរ និងបានស្នើសុំលេខាធិការដ្ឋានផ្តល់នូវការបណ្តុះបណ្តាលសមត្ថភាពជំនាញក្នុងផ្នែកនេះបានឆាប់រហ័ស៕