ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង លោក សុខ ខុម ប្រធាន និងលោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេៈដឹង និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ និងចូលរួមកិច្ចប្រជុំការងារជាមួយស្ថាប័នកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (IFC) ស្តីពីការវាយតម្លៃផលប៉ៈពាល់ជាបណ្តុំនៃការអភិវឌ្ឍន៍ក្នុងអាងទន្លេសេកុង។
លទ្ធផលនៃកិច្ចប្រជុំនេះ មានដូចតទៅ៖
១- បានស្តាប់អំពីគោលបំណង និងរបាយការណ៍បឋមស្តីពី ការវាយតម្លៃជាបណ្តុំសម្រាប់គម្រោងលើទន្លេសេកុង និង
២- បានបង្ហាញអំពីទស្សនៈ និងមេរៀន បទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធី របស់គណៈកម្មការទន្លេមេគង្គ ដែលអាចជាមូលដ្ឋានក្នុងដំណើរការរៀបចំរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដោយគ្របដណ្តប់លើទិដ្ឋភាពផលប៉ះពាល់បរិស្ថានឆ្លងដែន ការប្រើប្រាស់ទឹកចម្រុះវិស័យ យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព ការចូលរួមរបស់ប្រទេសភាគខាងក្រោម និងការយល់ដឹងអំពីអ្នកពាក់ព័ន្ធចម្រុះ នូវដំណើរការគម្រោង ការចែកចាយទិន្នន័យ និងព័ត៌មានពេលគ្រាអាសន្ន គុណភាព និងសុវត្ថិភាពទំនប់ ការជូនដំណឹងជាមុន គោលការណ៍ណែនាំរបស់គណៈកម្មការទន្លេមេគង្គ និងការចែករំលែកផលប្រយោជន៍៕