Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី២ និងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែន កម្ពុជា-ថៃ (ថ្ងៃទី ០៥-០៦ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី២ និងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែន កម្ពុជា-ថៃ ដោយមានការចូលរួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីមកពី ICEM, GIZ គណៈកម្មការទន្លេមេគង្គ ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំរៀបចំឡើង ដើម្បី (១) ពិភាក្សាពីសៀវភៅផែនទីអាងទន្លេ និងបណ្តាញទីតាំងដែលមានភាពធន់ រួមទាំងតំបន់ដែលមានសក្តានុពល សម្រាប់ដំណាក់កាលទី៣ (២) បង្ហាញពីផែនទីបង្ហាញផ្លូវ សម្រាប់ផែនការមេអាងទន្លេ និង (៣) ពិភាក្សាលើផែនការការងារ សម្រាប់ត្រីមាសបន្ទាប់។

ពាក់ព័ន្ធនឹងការរៀបចំសៀវភៅផែនទីអាងទន្លេ កម្ពុជាស្នើឱ្យមានការសិក្សាលម្អិត ជាពិសេសផែនទីផ្លូវទឹក នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

អង្គប្រជុំស្នើឱ្យមានការកសាងផែនការមេអាងទន្លេដែលមានរយៈពេលខ្លី មធ្យម និងវែង រួមបញ្ចូលទាំងវិសាលភាព រយៈពេល ការងារ និងថវិកា។

អង្គប្រជុំបានបង្ហាញអំពីផែនទីបង្ហាញផ្លូវ រួមមាន ៤ជំហាន (១) ការវាយតម្លៃស្ថានភាព (២) ការបង្កើតចក្ខុវិស័យ និងគោលបំណង (៣) ការរៀបចំយុទ្ធសាស្រ្តអាង (៤) ការអនុវត្តលម្អិត។

ជំហានបន្ទាប់៖

 ⁃ រៀបចំសៀវភៅផែនទីអាងទន្លេ

 ⁃ រៀបចំទម្រង់ស្នើសុំថវិកាទៅ GEF តាមរយៈអង្គការ FAO សម្រាប់ដំណាក់កាលទី៣

 ⁃ រៀបចំចុះ Field លើកទី២៕