Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត DSS (ថ្ងៃទី ១១-១៣ ខែមករា ឆ្នាំ២០២១)

ក្រុងកែប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខា​ធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រធានគ្រប់គ្រងគម្រោង គ្រប់គ្រងធនធាន​ទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សម្រាប់សមាសភាគទី២ បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាល តាមវីដេអូកុងហ្វេរ៉ង់ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគាំទ្រដល់ការធ្វើសេចក្តី សម្រេចចិត្ត DSS និងលទ្ធផលនៃការវាយតម្លៃធនធានទឹកនៅក្នុងអាងទន្លេទាំង៣ (សេកុង សេសាន និងស្រែពក) និងអាងព្រែកទាំង៤ ស្ថិតនៅភូមិភាគឦសាននៃប្រទេស។  សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីអនុវត្តគម្រោងមកពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារគម្រោងសមាសភាគទី២ និងជំនាញការ ក្រុមទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន DHI ក្នុងស្រុក និងប្រទេសដាណាម៉ាក។

សិក្ខាសាលាបណ្តុះបណ្តាលដំណើរការ ដោយបានស្តាប់បទឧទ្ទេសនាម ពីជំនាញការជាតិ និងអន្តរជាតិលើស្ថានភាពនៃធនធានទឹកនៅក្នុងអាងទន្លេ បង្ហាញអំពី ឧបករណ៏ DSS សម្រាប់គាំទ្រដល់ដំណើរការធ្វើផែនការអាងទន្លេ និងសមាសភាគកសាងផែនការអាងទន្លេក្នុងប្រទេស និងដំណើរការពិភាក្សាលើបញ្ហាកសាងផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកឆ្លងដែន ជាមួយប្រទេសនៅផ្នែកខាងលើ មានឡាវ និងវៀតណាម ប្រកបដោយប្រសិទ្ធភាព និងចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការបានកាន់តែល្អប្រសើរ។ ក្រោយសិក្ខាសាលានេះ សិក្ខាកាមនឹងបានស្វែងយល់បន្ថែមទៀតពីសមាសភាគ និងសមាសភាគសំខាន់នៃប្រព័ន្ធគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត រួមទាំងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្តុំព័ត៌មាន ដែលជាប្រព័ន្ធមួយ ជួយសម្រួលដល់ការវាយតម្លៃ និងរៀបចំសេណារីយ៉ូធ្វើផែនការ ការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹកចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព ស្របពេលនឹងការអភិវឌ្ឍប្រទេស និងការបម្រែបម្រួលអាកាសធាតុ បានយល់ច្បាស់ពីប្រព័ន្ធនេះដែលត្រូវបានទទួលស្គាល់ និងកំពុងប្រើប្រាស់ស្ទើរទូទាំងពិភពលោក ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជា ជាលើកទី១ សម្រាប់តំបន់គម្រោងនាពេលខាងមុខនេះ៕