Developed by Khmer Focus
កិច្ចប្រជុំលើកទី១០ នៃវេទិការួម របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២)

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​ដំណើរ​ការ​កិច្ចប្រជុំលើក​ទី១០ នៃ​វេទិការួម​របស់​គណៈកម្មការទន្លេមេគង្គ ក្រោម​អធិបតីភាព និង​ការ​ដឹក​នាំ​ពិភាក្សា​ដោយ​លោក Chumlarp Tejasen នាយក​ផ្នែក​កិច្ចការ​បរទេស នៃ​ការិយាល័យ​ធនធានទឹក​ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ ដោយ​មាន​លោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយក​ប្រតិបត្តិ នៃ MRCS ធ្វើ​ជាសហប្រធាននៃកិច្ចប្រជុំ។ សមាជិកចូលរួមកិច្ចប្រជុំ រួមមានក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជាដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។

គោលបំណងចម្បងនៃកិច្ចប្រជុំគឺ បន្តការពិភាក្សា និងបញ្ចប់នូវឯកសារទស្សនទាន និងឯកសារការងារសំខាន់ៗ ដើម្បីទទួលបាននូវការបញ្ជាក់ និងការឯកភាពជាចុងក្រោយអំពីកិច្ចការដែលត្រូវធ្វើបន្ត មុនពេលឯកសារទាំងនេះត្រូវបានដាក់ឆ្លងកិច្ចប្រជុំរបស់គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ ដើម្បីកត់ត្រា និងពិចារណាបន្តទៀត ក៏ដូចជាការរិះរកមធ្យោបាយ និងការសម្របសម្រួលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។ រីឯគោលបំណងជាក់លាក់នៃកិច្ចប្រជុំគឺ៖

១. ពិភាក្សា និងប្រមូលមតិយោបល់លើសេចក្តីព្រាងឯកសារការងារស្តីពី ការប្រើប្រាស់ប្រព័ន្ធទន្លេមេគង្គប្រកបដោយសមធម៌ និងសមហេតុសមផល ដោយបណ្តាប្រទេសជាសមាជិក ដើម្បីស្នើសុំគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គកត់ត្រានូវឯកសារការងារនេះ ដើម្បីជាឯកសារយោង ឬនឹងត្រូវប្រើប្រាស់សម្រាប់ការកសាងសមត្ថភាព

២. ពិភាក្សា និងប្រមូលមតិយោបល់លើសេចក្តីព្រាងឯកសារការងារស្តីពី ការធ្វើប្រតិបត្តិការនៃមាត្រា ៧, ៨, និង១០ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ មុនពេលដាក់សេចក្តីព្រាងនេះជូនគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គកត់ត្រា ដើម្បីប្រើប្រាស់ជាឯកសារយោងសម្រាប់អនាគតកាល

៣. ពិភាក្សា និងប្រមូលមតិយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការគិតបញ្ចូលនូវរាល់ការចំណាយខាងក្រៅនៃបណ្តាគម្រោងអភិវឌ្ឍន៍នានា នៅក្នុងអាងទន្លេមេគង្គក្រោម ក្នុងអំឡុងពេលនៃដំណើរការពិគ្រោះយោបល់ជាមុន

៤. បានជ្រាបអំពីវឌ្ឍនភាពនៃការបញ្ចប់នូវទស្សនទានរចនាបទ (Design Concept) ស្តីពី ប្រព័ន្ធត្រួតពិនិត្យការប្រើប្រាស់ទឹកសម្រាប់អាងទន្លេមេគង្គក្រោម ក្រោមក្របខណ្ឌនៃនីតិវិធីស្តីពី ការត្រួតពិនិត្យការប្រើប្រាស់ទឹក

៥. បានជ្រាបអំពីវឌ្ឍនភាពនៃរបាយការណ៍ស្តីពី កាលានុវត្តភាពសម្រាប់យន្តការប្រតិបត្តិការ និងកិច្ចសហការរៀបចំប្រកបដោយការសម្របសម្រួលស្តីពី ប្រតិបត្តិការទំនប់ និងពិភាក្សាអំពីកិច្ចការបន្តរបស់វា និង

៦. ពិភាក្សា និងប្រមូលមតិយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការរិះរកជម្រើសសម្រាប់យន្តការមូលនិធិមេគង្គ តាមរយៈភាពជាដៃគូរ និងប្រភពហរិញ្ញវត្ថុពហុភាគី សម្រាប់ជាប្រយោជន៍ដល់ទ្រព្យសម្បត្តិបរិស្ថាន និងក្រុមសង្គមដែលងាយទទួលភាពរងគ្រោះ ដោយរួមបញ្ចូលនូវសំណួរ និងបញ្ជីសំណួរ ដែលនឹងត្រូវបានធ្វើការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ៕