កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការប្រមូលទិន្នន័យ របៀបវាស់ធារទឹកនិងកំណកកករដី និងប្រតិបត្តិការថែទាំស្ថានីជលសាស្រ្ត HYCOS នៅតាមដងទន្លេមេង្គ និងដៃទន្លេសំខាន់ៗ ដោយមានការចូលរួមពីមន្រ្តីជំនាញ នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ មន្ត្រីជំនាញពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយ ជំនាញការពីលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ និងអង្កេតកម្ពស់ទឹកតាមស្ថានីយជលសាស្រ្ត HYCOS (២) ចែករំលែកបទពិសោធន៍ជាមួយអ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយ (៣) រំលឹកឡើងវិញនូវនីតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់ការងារប្រតិបត្តិការ និងជួសជុលស្ថានីយជលសាស្រ្ត និង (៤) ឱ្យមានការយលដឹងពីការងារប្រតិបត្តិការ និងជួសជុលថែទាំស្ថានីយ ព្រមទាំងវិធីសាស្ត្រវាស់កម្ពស់ទឹក ធារទឹក និងទំនាក់ទំនងរវាងកម្ពស់ទឹក និងធារទឹក៕