ភ្នំពេញ៖ លោក ចេង ឌុំ មន្រ្តីបច្ចេកទេស នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ យន្តការសម្របសម្រួលឋបនីយជីវមណ្ឌលបឹងទន្លេសាប ដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការ UNESCO តំណាង UNESCO ប្រចាំនៅកម្ពុជា ដែលជាប្រធាន សហប្រធាន អនុប្រធាន និងសមាជិក តាមសេចក្ដីសម្រេច លេខ០១៩ សសរ ប.ស្ថ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ដីពី ការបង្កើតគណៈកម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប របស់ក្រសួងបរិស្ថាន។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ១. ណែនាំឱ្យស្គាល់គ្នាក្នុងក្រុមការងារបច្ចេកទេស ២. យល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមការងារបច្ចេកទេស ៣. បទបង្ហាញដោយសង្ខេបលទ្ធផលសិក្សាវាយតម្លៃអំពីការបែងចែកតំបន់ ការគ្រប់គ្រង និងការវិភាគសេដ្ឋកិច្ចសង្គម នៅតំបន់ស្នូលបឹងទន្លេឆ្មារ និងតំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ និង ៤. បទបង្ហាញអំពីការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ប្រកបដោយនិរន្តរភាព៕