Developed by Khmer Focus
កិច្ចប្រជុំត្រៀមថ្នាក់តំបន់ របស់ក្រុមការងារ PNPCA JCWG ស្តីពី ការចែករំលែកព័ត៌មានអំពីសំណើគម្រោងវារីអគ្គិសនី ភូង៉យ (ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២)

វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេ​មេគង្គ បាន​ដំណើរ​ការកិច្ចប្រជុំត្រៀម​ថ្នាក់តំបន់ របស់​ក្រុមការងារ PNPCA JCWG ស្តីពី ការ​ចែក​រំលែកព័ត៌មាន​អំពីសំណើគម្រោង​វារីអគ្គិសនី ភូ​ង៉យ (PNgHPP) ក្រោម​អធិបតីភាព និង​ដឹកនាំ​ការ​ពិភាក្សាដោយ​ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា សមាជិក​គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ (MRC) និង​ជាប្រធានគណៈកម្មាធិការរួម នៃ MRC ប្រចាំឆ្នាំ២០២២ និងលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃ MRCS ដោយមានការចូលរួម ពីក្រុមការងារ PNPCA JCWG នៃប្រទេសជាសមាជិក MRC ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីជំនាញនៃ MRCS រួមមាន៖ នាយកផ្នែកទាំងបួន ប្រធានផែនការអាងទន្លេ ប្រធានយុទ្ធសាស្រ្ត និងភាពជាដៃគូ ប្រធានគ្រប់គ្រងបរិស្ថាន អ្នកឯកទេស និងមន្រ្តីពាក់ព័ន្ធមួយចំនួន និងតំណាងអ្នកអភិវឌ្ឍន៍គម្រោង PNgHPP។ ឯកឧត្តម គល់  វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ PNPCA JCWG របស់កម្ពុជា បានដឹកនាំក្រុមការងារដែលមានសមាជិកមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងមន្រ្តីសម្របសម្រួលថ្នាក់ជាតិពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំខាងលើនេះ។

កិច្ចប្រជុំមានគោលបំណងគឺដើម្បីចែករំលែកព័ត៌មាន និងទិន្នន័យនៃ PNgHPP និងពិភាក្សាបញ្ហាសំខាន់ៗមួយចំនួនដែលតម្រូវឱ្យមានការយល់ដឹង និងការឯកភាពរួមជាមុន ដើម្បីធានានូវភាពជោគជ័យលើដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់សំណើគម្រោងនេះ។

កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ មានជាអាទិ៍ (១) ទិដ្ឋភាពទូទៅនៃសំណើគម្រោង PNgHPP (២) ទិដ្ឋភាពទូទៅនៃការរៀបចំរបាយការណ៍កំណត់វិសាលភាពនៃការវាយតម្លៃគម្រោង (៣) សេចក្តីព្រាងរបាយការណ៍កំណត់វិសាលភាពនៃការវាយតម្លៃគម្រោង ដែលសង្កត់ធ្ងន់លើ Hydrology and hydraulics, Sediment and river morphology, Water quality and Aquatic Ecology, Fisheries and Fish Passage, Dam safety, Navigation, និង Socio-economics (៤) ការអនុវត្តដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង PNgHPP និង (៥) ឯកសារទស្សនទានស្តីពី ការចូលរួម និងការប្រាស្រ័យទាក់ទងជាមួយបណ្តាអ្នកពាក់ព័ន្ធនានានៅក្នុងដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង PNgHPP៕ស