Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី សៀវភៅក្បួនណែនំាលើកិច្ចប្រតិបតិ្តការផ្នែករដ្ឋបាល ហិរញ្ញវត្ថុ លទ្ធកម្ម និងផ្នែកគ្រប់គ្រងធនធានមនុស្ស (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២)

កែប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាបណ្ដុះបណ្តាលស្តីពី សៀវភៅក្បួនណែនំាលើកិច្ចប្រតិបតិ្តការផ្នែករដ្ឋបាល ហិរញ្ញវត្ថុ លទ្ធកម្ម និងផ្នែកគ្រប់គ្រងធនធានមនុស្ស របស់គណៈកម្មការទន្លេមេគង្គ MRC ដោយមានការចូលរួមពីមន្ត្រីសម្របសម្រួលការងារមេគង្គ និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងចូលរួមផ្តល់ការពន្យល់បង្ហាញក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះពីក្រុមមន្ត្រីជំនាញនៃលេខាធិការដ្ឋាន MRC ដឹកនាំដោយលោក វ៉ាត់ បុត្តកុសល នាយកផ្នែករដ្ឋបាល។

គោលបំណងសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺផ្តល់ជូនមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា យល់ដឹងបន្ថែមលើគោលការណ៍ និងបទប្បញ្ញាត្តិសំខាន់ៗដែលមានចែងក្នុងសៀវភៅក្បួនណែនាំប្រតិបត្តិផ្នែករដ្ឋបាល ព័ត៌មានវិទ្យា ហិរញ្ញវត្ថុ លទ្ធកម្ម និងការគ្រប់គ្រងធនធានមនុស្ស របស់ MRC ដែលបានធ្វើបច្ចុប្បន្នភាពស្របតាមអនុសាសន៍ណែនាំពី EU Pillar Assessment, សវនកម្មផ្ទៃក្នុង និងពីខាងក្រៅ និងតាមរយៈមេរៀនបទពិសោធន៍ពីការអនុវត្តផ្នែកនេះ ដែលទទួលបានការអនុម័តពីសមាជិកគណ:កម្មាធិការរួម MRC នៅក្នុងកិច្ចប្រជុំលើកទី៥៣ ក្នុងខែមេសា ឆ្នាំ២០២២    ដើម្បីសម្រួលដល់អ្នកអនុវត្តការងារផ្នែកទាំងបួននេះប្រកបដោយតម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព៕