Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការសម្របសម្រួលសហការអនុវត្តផែនការការងារ ឆ្នាំ២០២៣ របស់ MRC (ថ្ងៃទី ០៨-០៩ ខែកុម្ភ: ឆ្នាំ២០២៣)

ហូជីមិញ៖ ក្រុម​មន្ត្រី​សម្រប​សម្រួល​ការងារ​មេគង្គ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដឹកនាំដោយ​ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការសម្របសម្រួលសហការអនុវត្តផែនការការងារ ឆ្នាំ២០២៣ របស់ MRC ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមសម្របសម្រួលការងារមេគង្គ នៃប្រទេសជាសមាជិក MRC រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីក្រុមការងារពីអង្គភាពជំនាញទាំង ៥ របស់ MRCS។

គោលបំណងនៃកិច្ចប្រជុំដើម្បី (១) យល់ដឹងច្បាស់ពីសកម្មភាពការងារជាអាទិភាពចម្បងតាមអង្គភាពជំនាញ ដែលនឹងត្រូវអនុវត្តក្នុងផែនការការងារ ឆ្នាំ២០២៣ ដោយផ្អែកលើលទ្ធផលគ្រោងឡើងក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ MRC និងបច្ចុប្បន្នភាពនៃផែនការការងារ ២ឆ្នាំរំកិល ២០២៣-២០២៤ របស់ MRC (២) យល់ដឹងបន្ថែមពីសកម្មភាពការងារសំខាន់ៗ ដែលមានលក្ខណ:ចូលរួមសហការគ្នាអនុវត្ត រវាងអង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់តំបន់ និងថ្នាក់ជាតិក្នុងក្របខណ្ឌ MRC  និង (៣) ពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពគ្នាលើប្រតិទិនព្រឹត្តិការណ៍ការងារសំខាន់ៗ របស់ MRC នៅក្នុងឆ្នាំ២០២៣៕