Developed by Khmer Focus

កិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នាអាស៊ាន-គណៈកម្មការទន្លេមគង្គ MRC លើកទី១ (ថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ មន្ត្រីប្រតិភូអន្តរក្រសួង ស្ថាប័ន មក​ពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និង​ថាមពល អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នាអាស៊ាន-គណៈកម្មការទន្លេមគង្គ MRC លើកទី១ តាមប្រព័ន្ធវីដេអូ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន MRC និងលេខាធិការដ្ឋាន ASEAN និងមានអ្នកចូលរួមមកពីប្រទេសជាសមាជិកអាស៊ាន, MRC និងអង្គការដៃគូផ្សេងទៀត។

កិច្ចសន្ទនានេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីផ្តល់វេទិការពិភាក្សា ចែករំលែកបទពិសោធន៍ និងរកដំណោះស្រាយរួមគ្នា លើការប្រឈមសន្តិសុខទឹក នៅក្នុងតំបន់អាស៊ាន ដោយផ្តោតលើប្រធានបទសំខាន់ចំនួនបី រួមមាន៖ កង្វះទឹក គុណភាពទឹក និងគ្រោះហានិភ័យបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបានពិភាក្សារួមគ្នាអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានសក្តានុពល រវាងអាស៊ាន និង MRC ក៏ដូចជាក្នុងចំណោមដៃគូផ្សេងទៀត ដើម្បីសហការគ្នាលើកកម្ពស់ការគ្រប់គ្រង និងអភិបាលកិច្ចសន្តិសុខទឹក នៅក្នុងតំបន់អាស៊ាន។

នៅក្នុងឱកាសចូលរួមកិច្ចសន្ទនានេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ជាវាគ្មិនក្នុងក្រុមពិភាក្សារួមគ្នា លើប្រធានបទ តើអ្វីទៅជាការប្រឈម បញ្ហា និងកាលានុវត្តភាព នៃសន្តិសុខទឹកក្នុងតំបន់មេគង្គ និងអាស៊ាន។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានវគ្គពិភាក្សាទី១ លើប្រធានបទ តើអ្វីជាវិធីនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាទឹក ដំណោះស្រាយសម្រាប់ការខ្វះខាតទឹក និងតើត្រូវធ្វើដូចម្តេចឱ្យមានតុល្យភាព នៃតម្រូវការទឹក និងការផ្គត់ផ្គង់ធនធានទឹក និងឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គជទមក បានធ្វើជាវាគ្មិនក្នុងក្រុមពិភាក្សាទី៣ ស្តីពី ដំណោះស្រាយហានិភ័យមកពីការប្រែប្រួលអាកាសធាតុ និងវិធីកាត់បន្ថយទឹកជំនន់ និងភាពរាំងស្ងួត និងត្រូវគ្រប់គ្រងការកើនឡើងទឹកប្រៃ ក្នុងបរិបទការគ្រប់គ្រងទឹកជំនន់ឆ្លងដែនក្នុងតំបន់ដីសណ្តមេគង្គរវាងកម្ពុជា និងវៀតណាម៕