Developed by Khmer Focus

កិច្ចប្រជុំលើកទី៣៨ នៃក្រុមការងារ របស់គណៈកម្មាធិការរួម MRC (ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកបម្រុង គណៈកម្មាធិការរួម MRC JC នៃកម្ពុជា បានដឹកនាំក្រុមការងារ គណៈ​កម្មា​ធិការ​រួម MRC សម្រាប់កម្ពុជា ដែលសមាសភាព​ចូលរួមឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក និង​បណ្តា​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​ចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមការងារ របស់គណៈកម្មាធិការរួម MRC តាមប្រព័ន្ធវីដេអូ ពីលេខាធិការដ្ឋាន MRC នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីក្រុមការងារ គណៈកម្មាធិការរួម MRC នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) នាយកប្រតិបត្តិ និងក្រុមការងារលេខាធិការដ្ឋាន MRC។

អង្គប្រជុំបានដំណើរការ និងសម្រេចបានតាមរបៀបវារៈ សេចក្តីរាយការណ៍ និងការពិនិត្យ និងពិភាក្សាបន្ថែមលើ៖ (1) សេចក្តីព្រាងការកែសម្រួលចុងក្រោយ នៃឯកសារគតិយុត្តិ របស់ MRC រួមមាន៖ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរួម លេខាធិការដ្ឋាន MRC និងសេចក្តីព្រាងចុងក្រោយ នៃការកែសម្រួលឯកសារក្រមប្រតិបត្តិ និងយន្តការបង្កាការកេងបន្លំ និងប្រឆាំងអំពើពុករលួយ (2) លក្ខន្តិកៈរបស់គណៈកម្មការសវនកម្ម និងតួនាទីរបស់សវនកម្មផ្ទៃក្នុង របស់ MRC និង (3) សំណើសុំការសម្រួលលើតួនាទី និងមុខងារ នៃការងារដែលកំណត់តាមអង្គភាពទាំង ៥ ក្នុងលេខាធិការដ្ឋាននៅទីក្រុងវៀងច័ន្ទ  រួមមាន៖  ការិយាល័យនាយកប្រតិបត្តិ ផ្នែករដ្ឋបាល ផ្នែកគ្រប់គ្រងបរិស្ថាន ផ្នែកផែនការ និងផ្នែកគាំទ្របច្ចេកទេស ភ្ជាប់ជាមួយមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅរាជធានីភ្នំពេញ៕