Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៤ នៃក្រុមជំនាញផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល  អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជាមាន ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក  ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គ.ជ.ទ.ម.ក និងបណ្តា លោកប្រធាននាយកដ្ឋានពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៤ នៃក្រុមជំនាញផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីលេខាធិការដ្ឋាន MRC មន្ត្រីមកពីប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងតំណាងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំនេះ មានគោលបំណងចែករំលែកព័ត៌មាន និងផ្តល់ឱកាសក្នុងការពិភាក្សាលើ៖ (១). លើកកម្ពស់យុទ្ធសាស្ត្រអភិវឌ្ឍន៍អាង (BDS) ២០២១-២០៣០ ដែលបានអនុម័តដោយក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ ទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ ជាមួយអង្គការនានា (អាស៊ាន, មេគង្គឡានឆាង, មេគង្គ-អាមេរិក, មេគង្គ-ជប៉ុន, មេគង្គ-កូរ៉េ ជាដើម) និងផ្តល់ជាវិភាគទានដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង (២). ពិភាក្សា និងធ្វើបច្ចុប្បន្នភាពសកម្មភាពក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងតំបន់ ដែលត្រូវសហប្រតិបត្តិការជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ទាក់ទងនឹងទឹកទន្លេមេគង្គ និងស្ថាប័នពាក់ព័ន្ធនានា និង (៣). ផ្តល់អនុសាសន៍លើកម្មវិធីសហប្រតិបត្តិការថ្នាក់តំបន់ សម្រាប់អនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ (BDS) ដោយប្រើប្រាស់ថវិកា GEF, GCF, និងថវិកាផ្សេងៗទៀត៕