Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី ការពិភាក្សាលើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយនិរន្តរភាព (ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំក្រុមការងារ​អន្តរ​ក្រសួង​រួមមាន៖ លោក សុខ ខុម ប្រធាន​នាយកដ្ឋានបណ្តាគម្រោង និងកម្ម​វិធី លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន​ផែន​ការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន​បណ្តា​គម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គជទមក លោក ហ៊ួង ស៊ុនថាន អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម លោក ជា ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល លោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជា ពិសិដ្ឋ អនុប្រធាននាយកដ្ឋានផលិតកម្ម នៃអគ្គិសនីកម្ពុជា និងលោក សួន ប៉ុណ្ណារិទ្ធ ប្រធានការិយាល័យសេវាកម្ម ផលិតកម្ម នៃអាជ្ញាធរអគ្គិសនីកម្ពុជា ចូលរួមកិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី ការពិភាក្សាលើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (SHDS) សម្រាប់អាងទន្លេមេគង្គក្រោម តាមរយៈ VDO Conference។ កិច្ចប្រជុំនេះ បានដំណើរការក្រោមការដឹកនាំដោយលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិក MRC ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីជំនាញពាក់ព័ន្ធនៃ MRCS និងអ្នកជំនាញការអន្តរជាតិ។

គោបំណងចំបងនៃកិច្ចប្រជុំគឺ (១) បង្ហាញជូនប្រទេសជាសមាជិកអំពីដំណើរការ និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសហការធ្វើការរួមគ្នារវាង MRCS និងរដ្ឋាភិបាលឡាវ (GoL) ក្នុងការបញ្ចប់សេចក្តីព្រាងចុងក្រោយនៃ SHDS 2021, និង(២) បំភ្លឺ និងគូសបញ្ជាក់នូវរាល់ចំណុចកែសម្រួលលើសេចក្តីព្រាងចុងក្រោយនៃ SHDS 2021 ជូនប្រទេសជាសមាជិក ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យ ពិភាក្សា និងបញ្ចប់សេចក្តីព្រាងនេះ មុនពេលដាក់ជូនថ្នាក់លើជាបន្តបន្ទាប់ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេច។ រីឯលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺ (១) ការយល់ដឹងច្បាស់លាស់លើរាល់ចំណុចកែសម្រួលលើសេចក្តីព្រាងចុងក្រោយនៃ SHDS 2021, និង (២) ឯកភាពលើសេចក្តីព្រាងចុងក្រោយនៃ SHDS 2021 ដើម្បីដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការរួម នៃ MRC (MRC-JC) នាពេលខាងមុខ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេច។

កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរគឺ៖

១. សេចក្តីសង្ខេបនៃចំណុចកែសម្រួលសំខាន់ៗលើសេចក្តីព្រាងចុងក្រោយនៃ SHDS 2021 និង

២. សេចក្តីសង្ខេបសេចក្តីព្រាងចុងក្រោយនៃ SHDS 2021 ដែលបានធ្វើបច្ចុប្បន្នភាព។

ជាលទ្ធផល៖

- កម្ពុជា៖ មើលឃើញថា សេចក្តីព្រាងចុងក្រោយនៃ SHDS 2021 គឺអាចទទួលយកបាន ដោយគិតបញ្ចូលនូវមតិយោបលដែលបានផ្ញើជូនលេខាធិការដ្ឋានរួច ហើយបានផ្តល់យោបល់ឱ្យមានសង្គតភាពក្នុងការប្រើពាក្យ ជាពិសេសគឺពាក្យ MRC studies ហើយចក្ខុវិស័យត្រូវឱ្យស្របគ្នាជាមួយនឹង BDS 2021-2030 និងត្រូវឱ្យស្របគ្នាជាមួយគោលនយោបាយជាតិ។

- វៀតណាម៖ បើទោះបីជាមើលឃើញថា សេចក្តីព្រាងចុងក្រោយនៃ SHDS 2021 នេះអាចទទួលបានជាគោលការណ៍ក៏ដោយ វៀតណាមត្រូវការឱ្យមានកិច្ចប្រជុំនៅថ្នាក់ជាតិមួយទៀត ដើម្បីឱ្យស្របតាមដំណើរការនៃការអនុម័តយុទ្ធសាស្រ្តនេះ។

- ថៃ៖ បានបញ្ជាក់ពីក្តីកង្វល់ទាក់ទងនឹងដំណើរការ នៃការកែសម្រួលសេចក្តីព្រាងនេះ និងបានពិនិត្យឃើញថា ខ្លឹមសារសេចក្តីព្រាងពី ៩០% ទៅ ៩៥% ទាក់ទងនឹងវិសាលភាព គោលការណ៍ និងសាច់ក្នុងរបស់វា តែទោះជាយ៉ាងនេះក្តី គឺនៅត្រូវការឱ្យមានកិច្ចប្រជុំកម្រិតបច្ចេកទេសមួយទៀត ព្រមទាំងបានសង្កត់ធ្ងន់ថា ការយោងការសិក្សារបស់ក្រុមប្រឹក្សាគឺជាការសំខាន់ ព្រោះថាការសិក្សានេះត្រូវបានទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី នៃប្រទេសជាសមាជិកនៅក្នុងកិច្ចប្រជុំកំពូលនាពេលកន្លងមក។

- ឡាវ៖ បានបញ្ជាក់ពីការទទួលយកបាននូវសេចក្តីព្រាងចុងក្រោយនៃ SHDS 2021 ហើយនឹងផ្ញើមតិយោបល់តិចតួចជូនលេខាធិការដ្ឋាននាពេលក្រោយ។

- MRCS៖ កិច្ចប្រជុំ MRC-JC នាពេលកន្លងមក បានណែនាំឱ្យលេខាធិការដ្ឋាន ធ្វើការជាមួយភាគីឡាវដើម្បីដោះស្រាយបញ្ហានេះ។ ម៉្យាងវិញទៀត នៅក្នុងដំណើរការនេះ លេខាធិការដ្ឋានក៏បានស្នើសុំឱ្យប្រទេសជាសមាជិក ធ្វើការប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ និងតំបន់។ នឹងពិនិត្យឡើងវិញនូវពាក្យ MRC Studies ដោយយកមកគិតគូរផងដែរនូវសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលរបស់ MRC។ បានផ្តល់យោបល់ឱ្យប្រទេសជាសមាជិកផ្ញើមតិយោបល់ជាលាយលក្ខណ៍អក្សរ សម្រាប់ធ្វើបច្ចុប្បន្នភាពសេចក្តីព្រាង រួចដាក់ជូនកិច្ចប្រជុំលើកទី ៥២ របស់ MRC-JC នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងសម្រេច។

កិច្ចការបន្ត៖

- ដាក់ជូន និងធ្វើបទបង្ហាញសេចក្តីព្រាងដែលបានធ្វើបច្ចុប្បន្នភាព ជូនកិច្ចប្រជុំលើកទី ៥២ របស់ MRC-JC នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ និង

- រៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយទៀត ប្រសិនបើចាំបាច់ ហើយមតិយោបល់នៃកិច្ចប្រជុំ ត្រូវផ្ញើមកលេខាធិការដ្ឋាន ដើម្បីចងក្រង ជាសេចក្តីព្រាងចុងក្រោយ ដើម្បីដាក់ជូនកិច្ចប្រជុំលើកទី ២៨ របស់ MRC Council ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕