Developed by Khmer Focus

ទទួលជួបប្រជុំ និងចុះបេសកកម្មជាមួយមន្រ្តីក្រុមបេសកកម្មធនាគារពិភពលោក (ថ្ងៃទី ២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​សមាសភាគ​ទី២ នៃ​គម្រោង​គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​​កាល​ទី៣ (MIWRMP Phase III) បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង​សមាសភាគ​ទី២ មាន​សមាជិក​ជាមន្រ្តី គ.ជ.ទ.ម.ក មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ចូលរួមជាមួយ លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល និងជាប្រធានគ្រប់គ្រងសមាសភាគទី១ រួមទាំងក្រុមការងារ ទទួលជួបប្រជុំ និងចុះបេសកកម្មជាមួយមន្រ្តីក្រុមបេសកកម្មធនាគារពិភពលោក គាំទ្រគម្រោង MIWRMP Phase III ដឹកនាំដោយលោក ចាន់ វីរៈ ជាប្រធានក្រុមការងារគម្រោងធនធានទឹក ដើម្បីចុះពិនិត្យ និងវាយតម្លៃ តាមដានវឌ្ឍនាភាពនៃការអនុវត្តគម្រោង។

ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្ងៃបើកកិច្ចប្រជុំ តាមអនឡាញ Zoom ពីការិយាល័យធនាគារពិភពលោក នៅក្រុងភ្នំពេញ បានពិភាក្សាអំពីសកម្មភាពអនុវត្ត និងលទ្ធផលសម្រេចបានដោយគម្រោង តាមរយៈបទបង្ហាញមានផ្តល់ជូនដោយក្រុមការងារទាំងពីរសមាសភាគ 1 & 2 តាមផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម និងផ្នែកគាំពារបរិស្ថាន។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារសមាសភាគទាំងពីរ និងក្រុមបេសកកម្មធនាគារពិភពលោក បានបំពេញទស្សនកិច្ចពិនិត្យសមិទ្ធផលគម្រោង រួមមានសំណង់អាគារការិយាល័យគម្រោង សំណង់ស្ថានីយជលសាស្រ្ត និងឧតុនិយម ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី សំណង់ស្ថានីយភ្ញាស់កូនត្រីក្នុងខេត្តស្ទឹងត្រែង។ ក្រុមបេសកកម្មធនាគារពិភពលោក បានពិភាក្សាស្វែងយល់អំពីមុខងារ និងដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធគម្រោងនីមួយៗ និងចុះពិនិត្យទីតាំងសក្តានុពលសំណង់ស្ទាក់ទឹក អាងស្តុកទឹកថ្មី និងការអភិវឌ្ឍស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តចាស់ៗនៅក្នុងខេត្តទាំង៤។

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្ម តាមអនឡាញ Zoom ពីការិយាល័យធនាគារពិភពលោក នៅក្រុងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រុមការងារគម្រោងសមាសភាគទាំងពីរ ក្រុមការងារបេសកកម្មធនាគារពិភពលោក និងជំនាញការអន្តរជាតិ។ លទ្ធផលនៃបេសកកម្មធនាគារពិភពលោក បានវាយតម្លៃដំណើរការវិវឌ្ឍន៍ និងលទ្ធផលសម្រេចបានរបស់គម្រោងដោយការពេញចិត្ត។ ទន្ទឹមនឹងនេះដែរ គម្រោងក៏ត្រូវពន្លឿនការបញ្ចប់សកម្មភាពមួយចំនួនដែលកំពុងបន្តអនុវត្ត ដែលជួបការយឺតយ៉ាវដោយសារបញ្ហាទឹកជំនន់ និងវិបត្តិកូវីដ១៩ ដើម្បីឆ្ពោះទៅការបិទបញ្ចប់គម្រោងនាខែឧសភាឆ្នាំ២០២២៕