កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ពិភាក្សាលើ សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្ថិភាព (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១)
ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំ និងដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ពិភាក្សាលើ សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្ថិភាព សម្រាប់យន្តការប្រតិបត្តិការប្រកបដោយការសម្របសម្រួល និងការរៀបចំកិច្ចសហប្រតិបត្តិការស្តីពីប្រតិបត្តិការនៃទំនប់ ដែលបានកែសម្រួល ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាដោយលោក Bountien Sanaxonh ប្រធានផ្នែកផែនការ នៃ MRCS និងមានការចូលរួម ដោយក្រុមការងារអន្តរក្រសួងនៃបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ទាំងបួន បុគ្គលិកនាយកដ្ឋានផែនការ នៃ MRCS និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។ សមាសភាពក្រុមការងារអន្តរក្រសួងពីកម្ពុជាដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំ៖
- ពិភាក្សាលើចំណុចដែលបានកែសម្រួល ដែលទទួលបានពីបណ្តាកិច្ចប្រជុំពិគ្រោះយោបល់ដែលបានធ្វើក្នុងខែកញ្ញា និងតុលា ឆ្នាំ២០២១ លើសេចក្តីព្រាងរបាយការណ៍
- ពិភាក្សាលម្អិតលើគម្រោងសាកល្បងចំនួនពីរ និងឯកសារស្តីពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវសម្រាប់ការធ្វើលទ្ធកម្មទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ ដើម្បីជួយដល់ការអនុវត្តគម្រោង
- ប្រមូលមតិយោបល់ និងការសង្កេតចុងក្រោយលើសេចក្តីព្រាងរបាយការណ៍ពីបណ្តាប្រទេសជាសមាជិក និងទទួលបាននូវការគាំទ្រដល់ការអនុវត្តគម្រោង និង
- ធ្វើបទបង្ហាញជូនជ្រាប និងពិភាក្សាលើសកម្មភាព និងកិច្ចការបន្តដែលបានលើកឡើង។
លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺ៖
- ប្រទេសជាសមាជិកត្រូវបានជម្រាបជូន និងយល់ច្បាស់អំពីរបាយការណ៍ និងការអនុវត្តគម្រោងសាកល្បង និង
- ការឯកភាពគ្នាលើការងារដែលត្រូវអនុវត្តន៍បន្ត ក្នុងឆ្នាំ២០២២។
អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ០៦គឺ៖ (១) លទ្ធផលសំខាន់ៗទទួលបានពីបណ្តាកិច្ចប្រជុំពិគ្រោះយោបល់នាពេលកន្លងមក និងលទ្ធផលនៃចំណុចកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ (២) ការពិភាក្សា និងការបំភ្លឺដោយបណ្តាប្រទេសជាសមាជិកលើបណ្តាបញ្ហា និងសំណួរដែលបានលើកឡើងក្នុងអំឡុងពេលប្រជុំពិគ្រោះយោបល់នាពេលកន្លងមក (៣) សេចក្តីលម្អិត និងចំណុចកែសម្រួលនៃគម្រោងសាកល្បងទី១ ស្តីពីព័ត៌មានប្រតិបត្តិការ និងទី២ ស្តីពីការគ្រប់គ្រងគ្រោះអាសន្នក្នុងអាងទន្លេសេកុង សេសាន និងស្រែពក (3S) និង (៤) មាតិកានៃឯកសារស្តីពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវសម្រាប់ការធ្វើលទ្ធកម្មទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ៕ស