Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ របស់ឡាវ (ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ក្រចេះ៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដំណើរ​ការ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិលើកទី៣ សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) របស់ឡាវ ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សារបស់ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ សមាជិកចូលរួមកិច្ចប្រជុំរួមមាន៖ សមាជិកក្រុងការងារ PNPCA របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក សមាជិកក្រុមការងារ PNPCA អន្តរក្រសួង រួមមានសមាជិកអញ្ជើញមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញនៃក្រសួងផែនការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរទន្លេសាប បុគ្គលិកជំនាញពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ អ្នកជំនាញការជាតិ តំណាងមន្ទីរពាក់ព័ន្ធ នៃបណ្តាខេត្តពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងសហគមន៍មូលដ្ឋាន និងតំណាងគ្រឹះស្ថានសិក្សាស្រាវជ្រាវពាក់ព័ន្ធ។

គោលបំណងចម្បងនៃកិច្ចប្រជុំគឺ៖

- លើកកម្ពស់ការយល់ដឹងអំពីកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ (MA 95) នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA) ដំណើរការពិគ្រោះយោបល់ជាមុន (PC Process) វឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ន និងបច្ចុប្បន្នភាពនៃផែនទីវិថី នៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP)

- ផ្តល់ការយល់ដឹងបន្ថែមអំពីទិដ្ឋភាពទូទៅនៃ SNHPP

- សិក្សា ពិនិត្យឡើងវិញលើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញលើសំណុំឯកសារ និងសំណើគម្រោង SNHPP ដែលបានធ្វើបច្ចុប្បន្នភាព (The final draft TRR) និងបន្តប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍នានាបន្ថែមទៀត និង

- ពិភាក្សាអំពីទម្រង់ឆ្លើយតបជាផ្លូវការ (Official Reply Form) ទាក់ទងនឹង SNHPP ដែលត្រូវផ្ញើជូនគណៈកម្មការទន្លេមេគង្គ (MRC)។

អង្គប្រជុំបានស្តាប់ ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើរបកគំហើញរបស់អ្នកជំនាញការជាតិដែលបានធ្វើការសិក្សា ពិនិត្យឡើងវិញលើឯកសារសំណើគម្រោង SNHPP និងសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញលើ SNHPP ដែលបានធ្វើដោយក្រុមការងាររបស់ MRCS ដោយផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេសចំនួន៧គឺ៖

(១) ជលផលសាស្រ្ត និងការសិក្សាពីកម្លាំងទឹក (Hydrology and Hydraulics)

(២) រំហូរកំណកកករល្បាប់ និងរូបសាស្រ្តទន្លេ (Sediment Transport and Geomorphology)

(៣) គុណភាពទឹក និងវារីអេកូឡូស៊ី (Water Quality and Aquatic Ecology)

(៤) ជលផល និងផ្លូវឆ្លងកាត់របស់ត្រី (Fisheries and Fish Passage)

(៥) សុវត្ថិភាពនៃទំនប់ (Dam safety)

(៦) នាវាចរណ៍ (Navigation) និង

(៧) ផលប៉ះពាល់សេដ្ឋកិច្ច-សង្គមឆ្លងដែន (Transboundary socio-economic impacts)។

លើសពីនេះទៀត អង្គប្រជុំក៏បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារនៃមតិយោបល់សរុប សម្រាប់បញ្ចូលទៅក្នុងទម្រង់ឆ្លើយតបជាផ្លូវការរបស់កម្ពុជាផងដែរ៕