Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ ADCP សម្រាប់វាស់ធារទឹក និងបង្កើតខ្សែកោងទំនាក់ទំនង (Rating Curve) (ថ្ងៃទី ២០-២៤ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ក្រចេះ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គ្រប់​គ្រង​គម្រោង សមាស​ភាគ​ទី២ នៃ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាល​ទី៣ (MIWRMP3) បាន​ដឹកនាំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តីពី ការ​ប្រើ​ប្រាស់​ឧបករណ៍ ADCP (Acoustic Doppler Current Profiler) សម្រាប់​វាស់​ធារ​ទឹក និង​បង្កើត​ខ្សែ​កោង​ទំនាក់​ទំនង (Rating Curve)។ គោលបំណងសំខាន់ គឺបណ្តុះបណ្តាលសមត្ថភាពមន្រ្តីក្រុមការងារគម្រោង បានយល់អំពីឧបករណ៍  ADCP និងការប្រើប្រាស់ ការដាក់ឧបករណ៍ក្នុងទូក និងការចុះវាស់ជាក់ស្តែង នៅក្នុងទន្លេ ការកត់ត្រាទិន្នន័យវាស់ធារទឹក និងការប្រើប្រាស់ឧបករណ៍បង្កើតខ្សែកោងទំនាក់ទំនងនឹងកម្ពស់ទឹក។

សមាសភាពចូលរួមមាន ឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស គ.ជ.ទ.ម.ក  អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី និងជំនាញការថ្នាក់ជាតិនៃទីប្រឹក្សាបច្ចេកទេស DHI។

ជាលទ្ធផល សិក្ខាកាមបានរៀនសូត្រ ស្វែងយល់កាន់តែប្រសើរ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើការប្រើប្រាស់ឧបករណ៍វាស់ធារទឹកទន្លេ និងមុខងារខ្សែកោង ចងក្រងបានជាទិន្នន័យធាតុចូលទៅក្នុងម៉ូដែលគ្រប់គ្រងធនធានទឹក និងឧបករណ៍គាំទ្រការធ្វើសេចក្តីសម្រេចចិត្ត លើការគ្រប់គ្រង និងការកសាងផែនការអាងទន្លេ។ សិក្ខាសាលាបន្ទាប់ នឹងបន្តអនុវត្តន៍លើការប្រតិបត្តិ និងទុកដាក់ថែទាំឧបករណ៍  ADCP របស់គម្រោង បន្ទាប់ពីបណ្តាស្ថានីយ៍ជលសាស្រ្ត និងឧតុនិយមបានបំពាក់ឧបករណ៍ទាំងស្រុង៕