កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ដើម្បីពិភាក្សាលើឯកសារទស្សនទាន សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គណ:កម្មការទន្លេមេគង្គ លើកទី៤ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)
កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ដើម្បីពិភាក្សាលើឯកសារទស្សនទាន សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ (MRC) លើកទី៤ និងសន្និសីទអន្តរជាតិ ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីជម្រាបជូន និងពិភាក្សាលើចំណុចសំខាន់ៗ នៃសេចក្តីព្រាងបឋមឯកសារទស្សនទានរួមមាន មូលបទ គោលបំណង របៀបវារៈ លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំកំពូល MRC លើកទី៤ និងកម្មវិធីសន្និសីទអន្តរជាតិ ដែលត្រូវធ្វើឡើងជាមួយគ្នា ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងផ្តល់នូវធាតុចូល សម្រាប់ជួយដល់ក្រុមការងារលេខាធិការដ្ឋាន MRC រៀបចំជំហានបន្តដាក់ពិភាក្សាក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់គណៈកម្មាធិការរួម MRC ដែលមានការចូលរួមពីមន្ត្រីក្រុមការងារនៃប្រទេសជាសមាជិក នៅចុងខែមេសា ឆ្នាំ២០២២៕