Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (MRC-JC) លើកទី៥៣ (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

សៀមរាប៖ កិច្ចប្រជុំ​គណៈកម្មាធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC-JC) លើក​ទី​៥៣ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា សមាជិក​គណៈកម្មាធិការ​រួម នៃ​គណៈកម្មការទន្លេមេគង្គ (MRC-JC) តំណាង​កម្ពុជា និង​ជា​ប្រធាន MRC-JC ឆ្នាំ​២០២២ និង​មាន​ការ​ចូល​រួម​ពី​ប្រតិភូ​សមាជិក MRC-JC ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC ដោយមានប្រតិភូកម្ពុជា និងឡាវ ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន MRC ចូលរួមផ្ទាល់ និងប្រតិភូថៃ និងវៀតណាម ចូលរួមតាមប្រព័ន្ធវីដេអូ។

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកបម្រុង MRC-JC តំណាងកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាពចូលរួម ជាមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជាអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ខាងលេខាធិការដ្ឋាន MRC ដឹកនាំចូលរួមដោយលោកបណ្ឌិត Anoullak Kittikhoun នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំខាងលើនេះ បានពិនិត្យ ពិភាក្សា និងអនុម័ត លើវឌ្ឍនភាពការអនុវត្តផែនការការងារ ក្នុងត្រីមាសទី១ របស់លេខាធិការដ្ឋាន MRC ឆ្នាំ២០២២ ដោយផ្តោតលើការគ្រប់គ្រងដំណើរការរបស់ស្ថាប័ន ការអនុវត្តការងារ និងការគ្រប់គ្រងហិរញ្ញវត្ថុ អនុម័តលើឯកសារគោលនយោបាយប្រតិបត្តិ ស្ថានភាពគ្រប់គ្រងបុគ្គលិកដែលត្រូវចប់អាណត្តិការងារ និងវឌ្ឍនភាពផែនការជ្រើសរើសបុគ្គលិកថ្មីចូលបម្រើការ ងារឆ្នាំ២០២២ ការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងការប្រើប្រាស់ទឹក និងការពិនិត្យតាមដានស្ថានភាពទន្លេ ស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គ ក្នុងខែមករា-មីនា ឆ្នាំ២០២២ និងការពិនិត្យពិភាក្សាលើឯកសារទស្សនទានសម្រាប់រៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ និងសន្និសីទអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ៕