កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី តម្រូវការទិន្នន័យយេនឌ័រ និងភាពងាយរងគ្រោះ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២)
ថៃ៖ លោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ថី ឃាម ប្រធាននាយកដ្ឋានស្ថិតិ ប្រជាសាស្រ្ត ជំរឿន និងអង្កេត នៃក្រសួងផែនការ និងលោកស្រី ដុំ ថាច អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី តម្រូវការទិន្នន័យយេនឌ័រ និងភាពងាយរងគ្រោះ ដែលរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺ (១) ពិនិត្យនីតិវិធី និងវិធីសាស្រ្ត សម្រាប់ការកំណត់ទិន្នន័យបន្ថែម អំពីយេនឌ័រ និងភាពងាយរងគ្រោះ (២) ពិភាក្សាអំពីសូចនាករដែលបានស្នើឡើង ប្រភពទិន្នន័យរបស់ពួកគេ វិធីសាស្រ្ត និងដំណើរការ សម្រាប់ការប្រមូលទិន្នន័យ និង (៣) កំណត់កិច្ចការដែលត្រូវធ្វើ និងជំហានជាក់ស្តែង សម្រាប់ធ្វើឱ្យប្រសើរឡើងនូវយេនឌ័រ និងភាពងាយរងគ្រោះនៅក្នុងអាងទន្លេមេគង្គ៕