ទស្សនកិច្ចនៃគម្រោងឆ្លងដែនលើការគ្រប់គ្រងធនធានជលផល ក្នុងទន្លេមេគង្គ និងទន្លេសេកុង រវាងប្រទេសកម្ពុជា និងប្រទេសឡាវ (ថ្ងៃទី ០៧-០៨ ខែធ្នូ ឆ្នាំ២០១៦)
ដំណើរទស្សនកិច្ចនៃគម្រោងឆ្លងដែន លើការគ្រប់គ្រងធនធានជលផលក្នុងទន្លេមេគង្គ និងទន្លេសេកុង រវាងប្រទេសកម្ពុជា និងប្រទេសឡាវ បានប្រព្រឹត្តទៅពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តអាតាពឹ ប្រទេសឡាវ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ បន្តមកខេត្តស្ទឹងត្រែង ជួបជាមួយសហគមន៍ជលផលខេត្តស្ទឹងត្រែង និងការប្រជុំបូកសរុបលទ្ធផល និងផ្ទៀងផ្ទាត់លើឯកសាររបាយការណ៍ ជាមួយក្រុមការងារ និងសហគមន៍ទាំងពីរប្រទេស។ មានមន្រ្តីមកពីភាគីឡាវ រួមទាំងសហគមន៍អ្នកនេសាទ មានចំនួន ២២រូប មន្រ្តីលេខាធិការដ្ឋាន MRC ០៣រូប និងមន្រ្តីកម្ពុជា និងសហគមន៍ជលផលមានចំនួន ១៨រូប សរុបទាំងអស់ ៤២រូប។ មន្រ្តីក្រុមការងារកម្ពុជារួមមានមកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងរដ្ឋបាលជលផល ចំនួន ០៦រូប ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង CNMC។
ទស្សនកិច្ចនេះ បានស្វែងយល់ពីគ្នាអំពីលក្ខណៈភូមិសាស្ត្រទន្លេ ជីវភាពរស់នៅនៃប្រជាសហគមន៍នេសាទ ការគ្រប់គ្រងជលផលក្នុងប្រទេស និងតួនាទីរបស់សហគមន៍នេសាទ បញ្ហា ភាពប្រឈម និងដំណោះស្រាយនៃការគ្រប់គ្រងក្នុងក្របខ័ណ្ឌគ្រប់គ្រងធនធានទឹកចម្រុះ និងពិភាក្សា ផ្ទៀងផ្ទាត់អំពីបញ្ហារួម ភាពប្រឈមឆ្លងដែន ការកំណត់ដំណោះស្រាយរួមដើម្បីកិច្ចសហប្រតិបត្តិការ សម្រាប់និរន្តរភាពជលផល និងការគ្រប់គ្រងជលផលឆ្លងដែន៕