Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី​២៩ របស់​ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦)

(MRC-JC)

វៀងច័ន្ទ៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រចាំ​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​២៩ របស់​ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​រួម​ស្តី​ពី ការ​រៀប​ចំ​រចនា​សម្ព័ន្ធ និង​ការ​ងារ​វិមជ្ឈ​ការ​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS) ដែល​មាន​ការ​ចូល​រួម​ពី​ប្រតិភូ​កម្ពុជា ឡាវ ថៃ វៀតណាម និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC  សរុប ​ចំនួន ២៦រូប។ ប្រតិភូ​កម្ពុជា​ដឹក​នាំ​ដោយ​ឯកឧត្តម អាន ពេជ្រហត្ថដា ​អគ្គ​លេខា​ធិការ​រង CNMC និង​ជា​សមាជិក​បំរុង​គណៈ​កម្មា​ធិការ​រួម តំណាង​កម្ពុជា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ០២រូប​ទៀត។

គោលបំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​ខាង​លើ​នេះ ដើម្បី​ពិភាក្សា និង​ផ្តល់​យោបល់​លើ​របៀប​វារៈ​ចំនួន ៤ ដែល​មិន​ទាន់​បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤៣ របស់​គណៈ​កម្មា​ធិការ​រួម កាល​ពី​ថ្ងៃទី ១៥-​១៧ ខែមីនា ឆ្នាំ២០១៦ នៅ​ទីក្រុង កាន់ថឺ ប្រទេស​វៀតណាម ដែល​ក្នុង​នោះ​រួម​មាន៖ ទី១- បញ្ហា​ឧបសម្ព័ន្ធ​ចំនួន ៧ របស់​គោល​ការណ៍​ណែនាំ ប្រតិបត្តិ​នៃ​កញ្ចប់​ថវិកា​រួម​របស់ MRC ទី២- ការ​បញ្ចប់​នៃ​ការ​រៀប​ចំ និង​ការ​អនុវត្ត​ផែន​ការ​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៦ របស់ MRC ទី៣- ផែន​ការ​បុគ្គលិក  និង​ការ​ពិពណ៌នា​ការ​ងារ (JDs) សម្រាប់​មុខ​តំណែង ក្នុង​រចនា​សម្ព័ន្ធ​ថ្មី​របស់ MRCS និង​ទី៤- បញ្ហា​កិច្ច​សហប្រតិ​បត្តិការ​ស្តី​ពី គម្រោង​សិក្សា​រួម​គ្នា លើ​ផល​ប៉ះពាល់​លើ​លំហូរ​ទឹក ពី​សំណង់​ទំនប់​វារី​អគ្គិសនី ក្នុង​ទន្លេ​ឡាងឆាង ប្រទេស​ចិន មក​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម នៅ​រដូវ​ប្រាំង៕