(MRC-JC)
វៀងច័ន្ទ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ប្រចាំនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានបើកកិច្ចប្រជុំលើកទី២៩ របស់ក្រុមការងារគណៈកម្មាធិការរួមស្តីពី ការរៀបចំរចនាសម្ព័ន្ធ និងការងារវិមជ្ឈការរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) ដែលមានការចូលរួមពីប្រតិភូកម្ពុជា ឡាវ ថៃ វៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC សរុប ចំនួន ២៦រូប។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង CNMC និងជាសមាជិកបំរុងគណៈកម្មាធិការរួម តំណាងកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ០២រូបទៀត។
គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើនេះ ដើម្បីពិភាក្សា និងផ្តល់យោបល់លើរបៀបវារៈចំនួន ៤ ដែលមិនទាន់បានសម្រេចនៅក្នុងកិច្ចប្រជុំលើកទី៤៣ របស់គណៈកម្មាធិការរួម កាលពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុង កាន់ថឺ ប្រទេសវៀតណាម ដែលក្នុងនោះរួមមាន៖ ទី១- បញ្ហាឧបសម្ព័ន្ធចំនួន ៧ របស់គោលការណ៍ណែនាំ ប្រតិបត្តិនៃកញ្ចប់ថវិការួមរបស់ MRC ទី២- ការបញ្ចប់នៃការរៀបចំ និងការអនុវត្តផែនការការងារប្រចាំឆ្នាំ២០១៦ របស់ MRC ទី៣- ផែនការបុគ្គលិក និងការពិពណ៌នាការងារ (JDs) សម្រាប់មុខតំណែង ក្នុងរចនាសម្ព័ន្ធថ្មីរបស់ MRCS និងទី៤- បញ្ហាកិច្ចសហប្រតិបត្តិការស្តីពី គម្រោងសិក្សារួមគ្នា លើផលប៉ះពាល់លើលំហូរទឹក ពីសំណង់ទំនប់វារីអគ្គិសនី ក្នុងទន្លេឡាងឆាង ប្រទេសចិន មកទន្លេមេគង្គភាគខាងក្រោម នៅរដូវប្រាំង៕