Developed by Khmer Focus

ជំនួប​ប្រជុំ​រវាង​លោក​បណ្ឌិត Alejandro Iza នាយក​ផ្នែក​ច្បាប់​នៃ​អង្គការ IUCN ជា​មួយ​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា

Category: MRC Council Study

(CNMC)

ភ្នំពេញ៖ នាព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ២០១៦ វេលា​ម៉ោង ៩ព្រឹក នៅ​សាល​ប្រជុំ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ​លេខា​ធិការ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​បណ្ឌិត Alejandro Iza នាយក​ផ្នែក​ច្បាប់​នៃ​អង្គការ IUCN និង​លោក Raphael Glemet មន្រ្តី IUCN ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​អំពី​ផែន​ការ​អភិបាល​កិច្ច​ទឹក ដោយ​មាន​ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​បាន​អញ្ជើញ​ចូល​រួម។

ក្នុង​នាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម ប៊ុន ហ៊ាន បាន​សំដែង​ការ​ស្វាគមន៍ និង​ជម្រាប​ជូន​អំពី​សភាព​ការណ៍​សំខាន់ៗ​ដែល​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​និង​កំពុង​អនុវត្ត​ការ​ងារ​របស់​ខ្លួន ជា​ពិសេស​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក ដែល​បង្កើត​បាន​នូវ​អនុក្រឹត្យ​សំខាន់ៗ ចំនួន ៤ ក្នុង​នោះ អនុក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង​អាង​ទន្លេ អនុក្រឹត្យ​ស្តីពី​សហគមន៍​កសិករ​ប្រើ​ប្រាស់​ទឹក អនុក្រឹត្យ​ស្តីពី​អាជ្ញា​ប័ណ្ណ​ទឹក និង​អនុក្រឹត្យ​ស្តីពី​គុណ​ភាព​ទឹក និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ ១៩៩៥ និង​នីតិ​វិធី​ប្រើ​ប្រាស់​ទឹក​ផ្សេង​ទៀត ដែល​ទាំង​អស់​នោះ​គឺ​ជា​ក្រប​ខ័ណ្ឌ​ច្បាប់​សម្រាប់​គាំ​ទ្រ​ដល់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ក្នុង​ប្រទេស និង​ក្នុង​តំបន់។

លោក​បណ្ឌិត Alejandro Iza នាយក​ផ្នែក​ច្បាប់​នៃ​អង្គការ IUCN បាន​សំដែង​ការ​អរ​គុណ​ចំពោះ​ការ​អនុញ្ញាត​បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​នា​ពេល​នេះ និង​សំដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ខិត​ខំ​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​បាន​ធ្វើ​កិច្ច​ការ​ច្រើន​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ហើយ​លោក​បណ្ឌិត​បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ពិភាក្សា​គឺ ជម្រាប​ជូន​ពី​កម្ម​វិធី BRIDGE (Building River Dialogue and Governance) តំណាក់​កាល​ទី៣ សម្រាប់​ឆ្នាំ ២០១៦-២០១៨ និង​អនុសញ្ញា​សហ​ប្រជា​ជាតិ​ស្តីពី​ទឹក​អន្តរ​ជាតិ U.N. Convention on the Law of the Non-Navigational Uses of International Watercourses (UNWC) ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ចូល​រួម​ពី​កម្ពុជា។ លោក​បណ្ឌិត Alejandro Iza បញ្ជាក់​ថា BRIDGE បាន​ដំណើរ​ការ​លើក​ទី១ និង​លើក​ទី២ កាល​ពី​ឆ្នាំ ២០១២-​២០១៥ កន្លង​មក បាន​ជ្រើស​រើស​អាង​ទន្លេ​ឆ្លង​ដែន សេកុង-​សេសាន-​ស្រែពក ដែល​មាន​ប្រទេស​កម្ពុជា-​ឡាវ-​ថៃ និង​វៀត​ណាម​ចូល​រួម ហើយ​សម្រាប់​តំណាក់​កាល​ទី៣ គឺ​បន្ត​ការ​ងារ​ដោយ​ភ្ជាប់​នឹង​ការ​ងារ​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង៣ និង​មាន​សកម្ម​ភាព​ពង្រឹង​សមត្ថ​ភាព​គ្រប់​គ្រង​អាង​ទន្លេ ពង្រឹង​អភិបាល​កិច្ច និង​កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ការ​ចែក​រំលែក​ផល​ប្រយោជន៍​ក្នុង​តំបន់។ ចំពោះ​អនុ​សញ្ញា​សហ​ប្រជាជាតិ UNWC ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ ១៩៩៧ លោក​បាន​បញ្ជាក់​ថា ក្នុង​តំបន់​ទន្លេ​មេគង្គ មាន​ប្រទេស​វៀតណាម បាន​ផ្តល់​សច្ចាប័ន ហើយ​ប្រទេស​មីយ៉ានម៉ា​បាន​និង​កំពុង​ពិចារណា ហើយ​លោក​ចង់​បាន​កម្ពុជា ពិចារណា​ផង​ដែរ​លើ​ការ​ផ្តល់​សច្ចាប័ន។ លោក​សង្កត់​ធ្ងន់​ថា អនុសញ្ញា​នេះ នឹង​បំពេញ​បន្ថែម​នូវ​កង្វះ​ខាត​ផ្នែក​ច្បាប់ និង​យន្តការ​លើ​កិច្ច​ព្រម​ព្រៀង​មេគង្គ ១៩៩៥ កាន់​តែ​សំខាន់ និង​រឹង​មាំ ដើម្បី​ធា​នា​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ខាង​ក្រោម រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​ខាង​លើ និង​ជួយ​ពង្រឹង​ការ​គ្រប់​គ្រង​ទឹក​ឆ្លង​ដែន​ក្នុង​អាង​ទន្លេ​មេគង្គ។

ឯកឧត្តម ប៊ុន ហ៊ាន បាន​វាយ​តម្លៃ​ពី​សារ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង ប៉ុន្តែ​បាន​ស្នើ​សុំ​មាន​ការ​ពង្រឹង​សមត្ថភាព​ជា​មុន​សិន ​អំពី​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ ទាំង​ថ្នាក់​ជំនាញ ថ្នាក់​គ្រប់​គ្រង និង​ថ្នាក់​នយោបាយ។ ឯកឧត្តម​បាន​គាំទ្រ កម្មវិធី BRIDGE តំណាក់​កាល​ទី៣ ដែល​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា នឹង​បន្ត​កិច្ច​សហការ ហើយ​មាន​សំណូម​ពរ​បន្ត​ការ​ពង្រឹង​សមត្ថភាព​កាន់​តែ​ស៊ី​ជម្រៅ​នៃ​អនុសញ្ញា​នេះ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​មេគង្គ តើ​បំពេញ​គ្នាទៅ​វិញ​ទៅ​មក​ដូច​ម្តេច និង​ទុក​ឱកាស​ឱ្យ​ថ្នាក់​ដឹក​នាំ​សម្រេច​ជា​ពេល​ក្រោយ។

Hits: 4683