ជំនួបប្រជុំរវាងលោកបណ្ឌិត Alejandro Iza នាយកផ្នែកច្បាប់នៃអង្គការ IUCN ជាមួយឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
(CNMC)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Alejandro Iza នាយកផ្នែកច្បាប់នៃអង្គការ IUCN និងលោក Raphael Glemet មន្រ្តី IUCN ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីផែនការអភិបាលកិច្ចទឹក ដោយមានឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គបានអញ្ជើញចូលរួម។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ប៊ុន ហ៊ាន បានសំដែងការស្វាគមន៍ និងជម្រាបជូនអំពីសភាពការណ៍សំខាន់ៗដែលក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងអនុវត្តការងាររបស់ខ្លួន ជាពិសេសការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ដែលបង្កើតបាននូវអនុក្រឹត្យសំខាន់ៗ ចំនួន ៤ ក្នុងនោះ អនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ អនុក្រឹត្យស្តីពីសហគមន៍កសិករប្រើប្រាស់ទឹក អនុក្រឹត្យស្តីពីអាជ្ញាប័ណ្ណទឹក និងអនុក្រឹត្យស្តីពីគុណភាពទឹក និងការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ និងនីតិវិធីប្រើប្រាស់ទឹកផ្សេងទៀត ដែលទាំងអស់នោះគឺជាក្របខ័ណ្ឌច្បាប់សម្រាប់គាំទ្រដល់ការគ្រប់គ្រងធនធានទឹកក្នុងប្រទេស និងក្នុងតំបន់។
លោកបណ្ឌិត Alejandro Iza នាយកផ្នែកច្បាប់នៃអង្គការ IUCN បានសំដែងការអរគុណចំពោះការអនុញ្ញាតបានចូលជួបសំដែងការគួរសមនាពេលនេះ និងសំដែងការពេញចិត្តចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានធ្វើកិច្ចការច្រើនពាក់ព័ន្ធការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទន្លេមេគង្គ ហើយលោកបណ្ឌិតបានបញ្ជាក់ពីគោលបំណងនៃការពិភាក្សាគឺ ជម្រាបជូនពីកម្មវិធី BRIDGE (Building River Dialogue and Governance) តំណាក់កាលទី៣ សម្រាប់ឆ្នាំ ២០១៦-២០១៨ និងអនុសញ្ញាសហប្រជាជាតិស្តីពីទឹកអន្តរជាតិ U.N. Convention on the Law of the Non-Navigational Uses of International Watercourses (UNWC) ដើម្បីទទួលបានការគាំទ្រចូលរួមពីកម្ពុជា។ លោកបណ្ឌិត Alejandro Iza បញ្ជាក់ថា BRIDGE បានដំណើរការលើកទី១ និងលើកទី២ កាលពីឆ្នាំ ២០១២-២០១៥ កន្លងមក បានជ្រើសរើសអាងទន្លេឆ្លងដែន សេកុង-សេសាន-ស្រែពក ដែលមានប្រទេសកម្ពុជា-ឡាវ-ថៃ និងវៀតណាមចូលរួម ហើយសម្រាប់តំណាក់កាលទី៣ គឺបន្តការងារដោយភ្ជាប់នឹងការងារឆ្លងដែនរវាងប្រទេសទាំង៣ និងមានសកម្មភាពពង្រឹងសមត្ថភាពគ្រប់គ្រងអាងទន្លេ ពង្រឹងអភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង ដើម្បីការចែករំលែកផលប្រយោជន៍ក្នុងតំបន់។ ចំពោះអនុសញ្ញាសហប្រជាជាតិ UNWC ដែលបានបង្កើតក្នុងឆ្នាំ ១៩៩៧ លោកបានបញ្ជាក់ថា ក្នុងតំបន់ទន្លេមេគង្គ មានប្រទេសវៀតណាម បានផ្តល់សច្ចាប័ន ហើយប្រទេសមីយ៉ានម៉ាបាននិងកំពុងពិចារណា ហើយលោកចង់បានកម្ពុជា ពិចារណាផងដែរលើការផ្តល់សច្ចាប័ន។ លោកសង្កត់ធ្ងន់ថា អនុសញ្ញានេះ នឹងបំពេញបន្ថែមនូវកង្វះខាតផ្នែកច្បាប់ និងយន្តការលើកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ កាន់តែសំខាន់ និងរឹងមាំ ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា ដែលស្ថិតនៅខាងក្រោម រងផលប៉ះពាល់ខ្លាំងពីការអភិវឌ្ឍនៅតំបន់ខាងលើ និងជួយពង្រឹងការគ្រប់គ្រងទឹកឆ្លងដែនក្នុងអាងទន្លេមេគង្គ។
ឯកឧត្តម ប៊ុន ហ៊ាន បានវាយតម្លៃពីសារសំខាន់នៃកិច្ចព្រមព្រៀង ប៉ុន្តែបានស្នើសុំមានការពង្រឹងសមត្ថភាពជាមុនសិន អំពីកិច្ចព្រមព្រៀងទាំងនោះ ទាំងថ្នាក់ជំនាញ ថ្នាក់គ្រប់គ្រង និងថ្នាក់នយោបាយ។ ឯកឧត្តមបានគាំទ្រ កម្មវិធី BRIDGE តំណាក់កាលទី៣ ដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តកិច្ចសហការ ហើយមានសំណូមពរបន្តការពង្រឹងសមត្ថភាពកាន់តែស៊ីជម្រៅនៃអនុសញ្ញានេះ ព្រមទាំងកិច្ចព្រមព្រៀងមេគង្គ តើបំពេញគ្នាទៅវិញទៅមកដូចម្តេច និងទុកឱកាសឱ្យថ្នាក់ដឹកនាំសម្រេចជាពេលក្រោយ។