សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងគោលការណ៍បឋម សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម នៃគម្រោងការប្រើប្រាស់ និងការគ្រប់គ្រងដោយនិរន្តរភាពដីសើម ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយប្រើវិធីសាស្រ្ត និងឧបករណ៍គ្រប់គ្រង និងវាយតម្លៃតួនាទី និងសេវាកម្មដីសើម (WEFASAM) និងការវាយតម្លៃសូចនាករជីវៈចម្រុះដីសើម (WBIA) ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និងអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប សាលាជាតិកសិកម្មព្រែកលៀប សកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ IUCN វិទ្យាស្ថាន CDRI មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំដើម្បី (១)- ពិភាក្សាពីលក្ខណៈវិនិច្ឆ័យ និងដំណើរការ ការជ្រើសរើសតំបន់សិក្សាដីសើម សម្រាប់ការអនុវត្ត និងការសាកល្បង សម្រាប់កែលម្អវិធីសាស្រ្ត និងឧបករណ៍ (WEFASAM និង WBIA) (២)- ពិភាក្សាពីគោលការណ៍ណែនាំបឋមស្ដីពី ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម ដោយប្រើវិធីសាស្រ្ត និងឧបករណ៍របស់ WEFASAM និង WBIA (First Draft) (៣)- ពិគ្រោះអំពី (ToR) សម្រាប់ការបង្កើតក្រុមសិក្សាថ្នាក់ជាតិ និង (៤)- ពិភាក្សាពីផែនការការងារថ្នាក់ជាតិ សម្រាប់ការធ្វើតេស្ត និងការកែលម្អវិធីសាស្រ្ត និងឧបករណ៍បញ្ជីសារពើភ័ណ្ឌ៕