Developed by Khmer Focus
កិច្ចប្រជុំដើម្បីពិនិត្យឡើងវិញលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ (ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីពិនិត្យឡើងវិញលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ដែលមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមន្ត្រីអគ្គលេខាធិការដ្ឋាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាលើការអនុវត្តការងារក្នុងឆ្នាំ២០២០ ដែលអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន សម្រេចបានសមិទ្ធផលការងារធំៗ និងបញ្ហាប្រឈមនានាដែលបានរួមគ្នាដោះស្រាយ និងការរៀបចំទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ ផងដែរ។

អង្គប្រជុំបានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសេចក្តីរាយការណ៍របស់អង្គភាពក្រោមឱវាទ រួមមាន (១) កិច្ចដំណើរការ និងការគ្រប់គ្រងទូទៅរបស់អគ្គលេខាធិការដ្ឋាន  (២) វឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ MRC និងដៃគូពាក់ព័ន្ធ ក្នុងនោះ មានការរៀបចំផែនការយុទ្ធសាស្រ្តគជទមក ២០២១-២០២៥ និងផែនការចង្អុលថ្នាក់ជាតិ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ២០២១-២០២៥ (៣) លទ្ធផលការងាររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាន ក្នុងឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។

អង្គប្រជុំនេះ ក៏បានជ្រាបអំពី (១) ស្ថានភាពជលសាស្ត្រ ឧតុនិយម នៅអាងទន្លេមេគង្គកម្ពុជា និងនៅតំបន់ទន្លេបី សេកុង សេសាន និងស្រែពក ក្នុងឆ្នាំ២០២០ (២) សមិទ្ធផលការងាររបស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គកម្ពុជា តំណាក់កាលទី៣ សមាសភាគទី២ ក្នុងឆ្នាំ២០២០ និង (៣) សមិទ្ធផលការងារសំខាន់ៗដែលកម្ពុជាទទួលបាន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ MRC ឆ្នាំ១៩៩៥-២០២០។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ឯកឧត្តម អស់លោក លោកស្រី ក្នុងឆ្នាំ២០២០ និងស្នើទាំងអស់គ្នាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង និងពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ ដើម្បីឱ្យសម្រេចបានទិសដៅការងារឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗថ្មីៗបន្ថែមទៀត សម្រាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឱ្យសក្តិសមជាស្ថាប័នសម្របសម្រួលឈានមុខ ដើម្បីផលប្រយោជន៍ជាតិ និងភាពជាដៃគូថ្នាក់ជាតិ និងថ្នាក់តំបន់ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គឱ្យមាននិរន្តរភាព៕