Developed by Khmer Focus
កិច្ចប្រជុំសម្របសម្រួលក្រុមការងារ រវាងគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក ជាមួយគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមសម្របសម្រួលការងារមេគង្គ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំសម្របសម្រួលក្រុមការងារ រវាងគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក ជាមួយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ MRC តាមប្រព័ន្ធវីដេអូ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាបន្ថែមលើផែនការការងារឆ្នាំ២០២១-២០២២ អនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ និងយុទ្ធសាស្ត្រអាងទន្លេឆ្នាំ២០២១-២០៣០ របស់ MRC ដោយឈរលើកិច្ចសហការ និងការបំពេញតួនាទី ភារកិច្ចសម្របសម្រួល រវាងមន្ត្រីលេខាធិការដ្ឋាន MRC និងក្រុមមន្ត្រីសម្របសម្រួល គណៈកម្មាធិការជាតិនៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម ) ដើម្បីសម្រេចបានទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ និងក្របខណ្ឌសូចនាករការងារក្នុងឆ្នាំ២០២១របស់គណៈកម្មការទន្លេមេគង្គ។

ជាលទ្ធផលកិច្ចប្រជុំ៖

(១) បានពិនិត្យលើសមិទ្ធិផលការងារសំខាន់ៗ មុខងារស្នូល បញ្ហាប្រឈម និងឯកភាពលើគោលការណ៍ការងារ សម្រាប់អនុវត្តផែនការការងារឆ្នាំ២០២១-២០២២

(២) បានពិភាក្សាលើផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ នៅតាមអង្គភាពជំនាញតាមផ្នែកគ្រប់គ្រងបរិស្ថាន ផ្នែកផែនការ និងផ្នែកគាំទ្របច្ចេកទេស

(៣) បានស្នើឱ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងឯកភាពលើប្រតិទិនការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ

(៤) បានឯកភាពលើការរៀបចំឯកសារទស្សនទាន សម្រាប់សកម្មភាពការងារចម្បងៗ

(៥) បានស្នើឱ្យមានការទទួលស្គាល់ពីប្រទេសជាសមាជិក មុននឹងធ្វើការបោះពុម្ពផ្សាយជាផ្លូវការ និង

(៦) បានស្នើឱ្យមានការយកចិត្តទុកដាក់លើការអនុវត្តនីតិវិធីឱ្យមានប្រសិទ្ធភាព ជម្រុញការសិក្សាសាកល្បង ការកសាងសមត្ថភាព/ផ្ទេរចំណេះដឹង និងការចែករំលែក ប្រើប្រាស់ទិន្នន័យព័ត៌មាន ប្រើប្រាស់ឧបករណ៍បច្ចេកទេសឱ្យបានសមស្រប និងទូលំទូលាយ ដោយសហការជាមួយប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធមេគង្គ៕