Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ផែនការអនុវត្តគម្រោងទឹកជំនន់ និងភាពរាំងស្ងួត របស់គណៈម្មការទន្លេមេគង្គ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា ចូលរួម​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់តំបន់ តាម​ប្រព័ន្ធវីដេអូ ស្តីពី​ផែនការអនុវត្តគម្រោងទឹកជំនន់ និង​ភាពរាំងស្ងួតឆ្នាំ២០២១-២០២៤ របស់គណៈម្មការទន្លេមេគង្គ។ កិច្ចប្រជុំបានដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីប្រទេសជាសមាជិក រួមមាន កម្ពុជា វៀតណាម ឡាវ និងថៃ និងក្រុមការងារមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតតំបន់។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារផែនការអនុវត្តន៍គម្រោងឆ្នាំ២០២១-២០២៤ របស់គណៈកម្មការទន្លេមេគង្គ ដែលបានរៀបចំដោយក្រុមការងារថ្នាក់តំបន់។ ក្នុងដំណើរការកសាងផែនការ កម្ពុជាពុំទាន់បានឯកភាពលើផែនការនោះនៅឡើយ ដោយបានស្នើឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ និងចង់ឃើញផែនទីវិថីដែលមានភាពច្បាស់លាស់ ដើម្បីពិនិត្យ និងសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីផែនការនោះ ជុំវិញស្ថានភាពជាក់ស្តែងនៅកម្ពុជា បញ្ហាប្រឈម និងការងារអាទិភាពសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ អង្គប្រជុំបានណែនាំឱ្យក្រុមការងារលេខាធិការដ្ឋាន MRC រៀបចំជាផែនទីបង្ហាញផ្លូវក្នុងដំណើរការកសាងផែនការអនុវត្តន៍គម្រោង និងកែសម្រួលសេចក្តីព្រាងនេះឱ្យស្របតាមតម្រូវការរបស់ប្រទេស មុននឹងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់៕