Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សុខដុមនីយកម្មច្បាប់ និងវិធានគតិយុត្តិ លើការរក្សាសុវត្ថិភាព ទូក/កាណូត/កប៉ាល់ (ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១)

កំពង់ធំ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិស្តីពី សុខដុមនីយកម្មច្បាប់ និងវិធាន​គតិយុត្តិ លើការរក្សាសុវត្ថិភាព ទូក/កាណូត/កប៉ាល់ សុវត្ថិភាពចរាចរណ៍ និងការការពារអ្នកដំណើរតាមផ្លូវទឹក ក្នុងអាងទន្លេមេគង្គ រវាងកម្ពុជា និងវៀតណាម ដោយមានសមាសភាពចូលរួមពីមន្ត្រីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីពីស្ថាប័នពាក់ព័ន្ធ និងមន្រ្តីពី គ.ជ.ទ.ម.ក និងជំនាញការថ្នាក់ជាតិ។

គោលបំណងសំខាន់នៃសិក្ខាសាលាពិគ្រោះយោបល់នេះគឺដើម្បី (១) ពិភាក្សា និងសិក្សាស្វែងយល់ស្តីពី ឯកសារវិធាន និងបទបញ្ញត្តិប្រកបដោយសុខដុមរមនាអំពី សុវត្ថិភាពរបស់កប៉ាល់/កាណូត សុវត្ថិភាពចរាចរណ៍ និងការការពារអ្នកដំណើរ លើប្រព័ន្ធទន្លេមេគង្គ រវាងកម្ពុជា និងវៀតណាម និង (២) ដើម្បីប្រមូលមតិយោបល់ និងធាតុចូលបន្ថែម សម្រាប់ជំនួយដល់ការកែសម្រួលឯកសារខាងលើឱ្យកាន់តែប្រសើឡើង។

ជាលទ្ធផលសិក្ខាសាលា (១) បានពិនិត្យលើទិដ្ឋភាពទូទៅតាមមាត្រានីមួយៗ នៃសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពនាវា/កប៉ាល់ ដោយក្នុងមាត្រានីមួយមានភាពស្មុគស្មាញ និងត្រូវបានពិភាក្សាគ្នាជាច្រើនលើករួចមកហើយ តែមិនទាន់បានស៊ីជម្រៅនៅឡើយ (២) បានពិភាក្សាលើសេចក្តីព្រាងច្បាប់នាវាចរណ៍ និងបទបញ្ញត្តិ ដោយបានជ្រើសរើសអាទិភាពចំនួន៤ ដើម្បីធ្វើសុខដុមនីយកម្មជាមួយគ្នា ដូច្នេះអង្គសិក្ខាសាលាស្នើពិភាក្សាគ្នាលម្អិតមន្ថែមទៀត (៣) បានពិភាក្សា និងយល់ដឹងលើសេចក្តីព្រាងគោលកាណ៍ណែនាំពីសុវត្ថិភាពការដឹកជញ្ជូនតាមផ្លូវទឹក ដោយគោលការណ៍នេះ បានដកស្រង់ពីច្បាប់នាវាចរណ៍ពីកម្ពុជា វៀតណាម និងថៃ ដើម្បីធ្វើសុខដុមនីយកម្ម ដោយស្នើដូរពាក្យពី Regulation ទៅជា Guidelines៕