Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលលើកទី៧ ស្តីពី ការពង្រឹងសមត្ថភាពសម្រាប់ការថែទំាប្រពន្ធ័គាំទ្រការធ្វើសេចក្តីសម្រេចចិត្ត (DSS) (ថ្ងៃទី ១៣-១៤ ខែមករា ឆ្នាំ២០២២)

កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានរៀបចំសិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី៧ ស្តីពី ការពង្រឹង​សមត្ថភាព​សម្រាប់​ការថែទំា​ប្រពន្ធ័​គាំទ្រ​ការធ្វើសេចក្តី​សម្រេចចិត្ត (DSS) សម្រាប់តំបន់​អាងទន្លេសេកុង សេសាន ស្រែពក និង​អាងព្រែកទាំង ៤ តាមរយៈគម្រោងគ្រប់គ្រង​ធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សមាសភាគទី២ (MIWRMP3) ដែលជាកម្ម​វិធី​បណ្តុះបណ្តាលមួយក្នុងចំណោមវគ្គបណ្តុះបណ្តាលដែលគម្រោងធ្លាប់បានរៀបចំកន្លងមក។

សិក្ខាសាលាបណ្តុះបណ្តាលនេះដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ MIWRMP3 និងមានការចូលរួមពីមន្រ្តីជំនាញអនុវត្តគម្រោង មកពីក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងជំនាញការថ្នាក់ជាតិនៃទីប្រឹក្សាបច្ចេកទេស DHI។

សិក្ខាសាលាបានប្រព្រឹត្តទៅ ដោយបានស្តាប់បទបង្ហាញស្តីពី ការរំលឹកឡើងវិញអំពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ (IMS) និងឧបករណ៍គាំទ្រការធ្វើសេចក្តីសម្រេច (DSS) និងបទបង្ហាញស្តីពី ការថែទាំប្រព័ន្ធ IMS និង DSS រួមមាន ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យ IMS និងការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពសេណារីយ៉ូសម្រាប់អភិវឌ្ឍ (development scenarios) នៅក្នុង eSource Model និងតាមរយៈកម្មវិធី Mike WorkBench។ សិក្ខាកាម បានអនុវត្តជាក់ស្តែង និងមានសមត្ថភាពក្នុងការយល់ដឹង និងការថែទាំ DSS និង IMS ដែលជាលទ្ធផលរំពឹងទុកនៃសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ៕