Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើការកសាងផែនការងារឆ្នាំ២០២១ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យ​ពិភាក្សាលើការកសាងផែនការងារ ឆ្នាំ២០២១ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០២៥ របស់ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោកប្រធាន និងអនុប្រធាននាយកដា្ឋន និងលេខាធិការដ្ឋាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានអង្គប្រជុំបានជម្រាបថា ឯកសារផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានទទួលការអនុម័តដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលនេះគឺជាសមិទ្ធផលថ្មី ដែលកំណត់នូវទិសដៅ និងអាទិភាពជាយុទ្ធសាស្រ្ត ដែល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ បន្តពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ ២០១៦-២០២០។

ឯកឧត្តមប្រធានអង្គប្រជុំបានបញ្ជាក់បន្ថែមថា៖ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ថ្មីនេះ យើងត្រូវកសាងផែនការងារប្រចាំឆ្នាំនីមួយៗ ហើយដែលកិច្ចប្រជុំពេលនេះ គឺដើម្បីពិភាក្សា និងផ្តល់ធាតុចូលក្នុងសេចក្តីព្រាងផែនការការងារឆ្នាំ២០២១។

កិច្ចប្រជុំ បានពិនិត្យ និងបានផ្តល់ធាតុចូលបន្ថែមក្នុងសេចក្តីព្រាងផែនការការងារឆ្នាំ២០២១ ដែលនឹងបញ្ចប់នៅសប្តាហ៍ទី៣ ខែមករានេះ៕