Developed by Khmer Focus

កិច្ចពិភាក្សាស្តីពី ផលប៉ះពាល់នៃរំហូរទឹកទន្លេមេគង្គទាបលើសហគមន៍តាមដងទន្លេមេគង្គ និងទន្លេសាប និងវិធានការសមស្រប (ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​អញ្ជើញ​ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី ផល​ប៉ះពាល់នៃរំហូរទឹកទន្លេមេគង្គទាប លើសហគមន៍​តាមដងទន្លេមេគង្គ និង​ទន្លេសាប និងវិធាន​ការសមស្រប ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ ដែលរៀបចំដោយវេទិកា​អង្គការមិនមែនរដ្ឋាភិបានស្តីពីកម្ពុជា។ កិច្ចពិភាក្សាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក សុខ ឃីម ប្រធានកម្មវិធី នៃអង្គការអុកស្វាមប្រចាំកម្ពុជា និងមានការសម្របសម្រួលដោយលោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។ កិច្ចពិភាក្សាមានសមាជិកចូលរួមសរុបប្រមាណ ៧០នាក់ រួមមាន៖ តំណាងអង្គការមិនមែនរដ្ឋាភិបាល ប្រមាណ ៣០ស្ថាប័ន អ្នកសិក្សាស្រាវជ្រាវឯករាជ្យ តំណាងគ្រឹះស្ថានឧត្តមសិក្សា ០២ស្ថាប័ន តំណាងសហគមន៍មូនដ្ឋាន ០៦សហគមន៍ អញ្ជើញមកពីបណ្តាខេត្តផ្សេងៗនៅក្នុងប្រព័ន្ធទន្លេមេគង្គ តំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងតំណាងស្ថាប័នរបស់រាជរដ្ឋាភិបាលរួមមាន៖ គ.ជ.ទ.ម.ក., អាជ្ញាធរទន្លេសាប, និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃកិច្ចពិភាក្សាគឺ៖

១. ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី ការវាយតម្លៃផលប៉ះពាល់នៃរំហូរទឹកទន្លេមេគង្គទាបឆ្នាំ២០១៩-២០២០ លើសហគមន៍តាមដងទន្លេមេគង្គ និងទន្លេសាប ដល់អ្នកពាក់ព័ន្ធផ្សេងៗ និងផ្តល់អនុសាសន៍សម្រាប់កិច្ចពិភាក្សា និងការរៀបចំគោលនយោបាយនាពេលអនាគត និង

២. រៀបចំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីយល់ដឹងពីវិធានការសមស្រប ដើម្បីដោះស្រាយកាត់បន្ថយ និងបន្ធូរបន្ថយផលប៉ះពាល់ទាំងនោះ៕