Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការសិក្សាយន្តការហិរញ្ញវត្ថុ សម្រាប់មូលនិធិមេគង្គ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ស្ទឹងសែន៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដំណើរការកិច្ចប្រជុំការងារថ្នាក់ជាតិ​ស្តីពី ការសិក្សាយន្តការហិរញ្ញវត្ថុ សម្រាប់មូលនិធិ​មេគង្គ ក្រោមអធិបតីភាព និងដឹកនាំពិភាក្សា​របស់ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមាន​ការអញ្ជើញចូលរួម ពីមន្រ្តីពាក់ព័ន្ធ​នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីនៃក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និងអាជ្ញាធរទន្លេសាប និងអ្នកជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ស្វែងយល់ពីសេចក្តីព្រាងលើកទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ (តាមរយៈពហុដៃគូ និងប្រភពថវិកានានា សម្រាប់ផលប្រយោជន៍នៃធនធាន/ទ្រព្យបរិស្ថាន ការឆ្លើយតបគ្រោះមហន្តរាយ និងក្រុមសង្គមងាយរងគ្រោះ និង (២) ផ្តល់យោបល់ ឬព័ត៌មានដែលជាធាតុចូលសម្រាប់កែលម្អ និងបញ្ចប់សេចក្តីព្រាងលើកទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់ការសិក្សាមូលនិធិមេគង្គ (the 1st Draft of the Financing Mechanism Case Study for Mekong Fund) ដោយផ្តោតទៅលើមាតិកា ដូចតទៅ៖ (១) សាវតានៃមូលនិធិមេគង្គ (ដំណើរការ តម្រូវការនៃមូលនិធិមេគង្គ និងសេចក្តីព្រាងលើកទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ) (២) ការរៀបចំគម្រោងសម្រាប់ការពិភាក្សា និងដាក់ឱ្យដំណើរការ (៣) រចនាសម្ព័ន្ធ (៤) ប្រភពទុន/ធនធាន (៥) ការរៀបចំស្ថាប័ន (៦) តម្រូវការនៃការគ្រប់គ្រង (៧) ការរៀបចំក្របខណ្ឌច្បាប់ (៨) ការតាមដាន ការវាយតម្លៃ ការរាយការណ៍ និងការរៀនសូត្រ និង (៩) ផែនការសម្រាប់ដំណើរការមូលនិធិមេគង្គ។

មតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំនឹងត្រូវបានយកទៅសំយោគជាមួយលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ នៃប្រទេសជាសមាជិកផ្សេងៗទៀត ដើម្បីយកទៅធ្វើការកែលម្អ និងបញ្ចប់សេចក្តីព្រាងឯកសារខាងលើ និងធ្វើរៀបចំឯកសារគោលនយោបាយស្តីពី មូលនិធិមេគង្គ៕